ប្រកាស​ហេតុ​និង​បូក​សរុប​លទ្ធផល​ការងារ​ដោយ ឯកឧត្តម សំ សេរីរតន៍ អគ្គនាយកអប់រំ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេស​នៃ​គណៈកម្មាធិការ​អន្តរ​នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​និង​គ្រឿង​ញៀន​នា​ឱកាស​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​​គណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយ

សូម​គោរព ឯកឧត្ដមអ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​និង​គ្រឿង​ញៀន

សូម​គោរព​លោក លោកស្រី សមាជិក សមាជិកា នៃ​អង្គប្រជុំ​ទាំង​មូល​ជា​ទី​មេត្រី !

ជា​បឋម​ខ្ញុំ​មាន​កិត្តិយស​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម​ អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន និង​កីឡានិង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ និងគ្រឿងញៀន ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​រួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ និងគ្រឿងញៀននាថ្ងៃនេះ។

ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​វត្ត​មាន​របស់​ឯកឧត្ដម លោក​ជំទាវ​គណៈ​អធិបតី លោក លោកស្រី ភ្ញៀវ​កិត្តិយស និង​អ្នក​ចូល​រួម​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ដ៏​មាន​​សារសំខាន់​នា​ពេល​នេះ​ទោះបី​ជា​មាន​ភាព​មមាញឹក​ក្នុង​ការងារ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១២និង​ត្រៀម​លក្ខណៈ​អបអរ​សាទរ​ឆ្នាំ​ថ្មី​ ២០១៣​ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​៥​​ថ្ងៃ​ខាងមុខ ។

ខ្ញុំ​សូម​គោរព​អនុញ្ញាត​ជម្រាប​ជូន​ឯកឧត្តម​លោក​ជំទាវ លោក លោកស្រី ជ្រាប​ថា​ កិច្ចប្រជុំ​ នា​ថ្ងៃ​នេះ​មាន​អ្នក​ចូលរួម​សរុប​ប្រមាណ ​១០០​ នាក់​ក្នុង​នោះ​មានថ្នាក់​ដឹកនាំ​និង​មន្ត្រី​នៃ​គណៈកម្មាធិការICHAD តំណាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​តំណាង​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​តំណាង​ក្រសួង​មហាផ្ទៃ​តំណាង​ក្រសួង​​កិច្ចការ​នារី​តំណាង​ក្រសួង​សង្គមកិច្ច​និង​អតីត​យុទ្ធជន​តំណាង​ក្រសួង​ធម្មការ​និង​សាសនា​​តំណាង​ក្រសួង​​អភិវឌ្ឍន៍​ជនបទ​​តំណាង​ក្រសួង​​សុខាភិបាល​តំណាង​កាក​បាទ​ក្រហម​កម្ពុជា​តំណាង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​​ដូចជា UNFPA, UNESCO, UNICEF, UNAIDS, WFP និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដូច​ជា Plan International, RHAC, Mith Samlanh, KHANA, World Vision, Medicam, Maristop,  Inthanou និង​អង្គការ​ដំរី ។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ចែក​រំលែក​លទ្ធផល​សម្រេច​បាន​លើ​ប្រធានបទ​​ការ​អប់រំ​បំណិន​ជីវិត ស្ដីពី​ការ​​យល់ដឹង​ពី​មេរោគ​អេដស៍ជម្ងឺ​អេដស៍និង​គ្រឿង​ញៀនដោយ​រួម​បញ្ឆួល​​ទាំង​ចំណេះដឹង​ពី​សុខភាព​​បន្ត​ពូជ​និង​សុខភាព​ផ្លូវ​ភេទ​ដែល​បាន​អនុវត្ត​ក្នុង​​ឆ្នាំ​ ២០១២ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​​ ២០១៣ ខាង​មុខ។

ឆ្លៀត​ឱកាស​នេះខ្ញុំ​សូម​គោរព​អនុញ្ញាតឯកឧត្ដម​គណៈអធិបតី​អង្គ​ពិធី​ទាំងមូល​មេត្តា​​ជ្រាប​​ថាគណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​និង​គ្រឿងញៀន​តែងតែ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ហើយ​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​លើក​​ទី​ ១៣ ។ សូម​រំលឹក​ដែរ​ថា​គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩​៩ ​ដែល​​កាល​​​នោះ​មាន​ឈ្មោះ​ថា "គណៈកម្មាធិការ​អន្តរ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍/ជម្ងឺ​អេដស៍" ហៅកាត់ថា ICHA (Inter departmental Committee for HIV/AIDS) ដែល​មាន​ ១៥ ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ទីស្ដីការ​​ក្រសួង​អប់រំ​យុវជន និង​កីឡាជា​សមាជិក​។ នៅ​ឆ្នាំ​ ២០១០ គណៈកម្មាធិការ​នេះ​បាន​ពង្រីក​តួនាទី​​​របស់​ខ្លួនដោយ​មាន​ឈ្មោះ​ថា ​"គណៈកម្មាធិការ​អន្តរ​នាយកដ្ឋានប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​និង​គ្រឿង​ញៀន" ហៅ​កាត់​ថាICHAD (Inter departmental Committee for AIDS and Drugs)។ គណៈកម្មាធិការ ICHA និង​គណៈកម្មាធិការICHAD សុទ្ធ​តែ​ដឹកនាំ​ដោយ​ ឯកឧត្តម អ៊ឹម សិទ្ធី ផ្ទាល់​ចាប់​តាំង​ពី​​ការ​​កកើត​នៅ​ឆ្នាំ​១៩៩៩ ​រហូត​ដល់​បច្ចុប្បន្ន​។

តាម​រយៈ​ការ​ដឹកនាំ​ប្រកប​ដោយ​ទស្សនវិស័យ​ច្បាស់​លាស់ភាព​ស្វា​ហាប់និង​ការ​ប្ដេជ្ញា​ចិត្តខ្ពស់​របស់​ឯកឧត្ដម​រដ្ឋមន្ត្រីព្រមទាំង​មាន​ការ​គាំទ្រ​បច្ចេកទេស​និង​ថវិកា​ពី​គ្រប់​ដៃ​គូ​អភិវឌ្ឍ​នានា (UNFPA, UNICEF, UNESCO, DFID/UK, WFP, Global Fund ATM, UNDP ។ល។ ) ​គណៈកម្មាធិការ ICHAD បាន​ទទួល​ជោគជ័យ​នូវ​សមិទ្ធិ​ផល​ជា​ច្រើន​ដូច​ជា​ ៖

  • បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ឆ្នាំ២០០០-២០០៥ និង​រំកិលដល់​២០០៧
  • បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ ២០០៨-២០១២
  • បាន​បង្កើត​គោលនយោបាយ ស្ដីពី​មេរោគ​អេដស៍​និង​ជម្ងឺ​អេដស៍​នៅ​កន្លែង​ធ្វើ​ការ
  • បាន​បញ្ជ្រាប​ការ​យល់ដឹង​ពី​មេរោគ​អេដស៍​និង​ជម្ងឺ​អេដស៍គ្រឿង​ញៀនព្រម​ទាំង​ប្រធាន​បទ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត ពូជសុខភាព​ផ្លូវ​ភេទក្នុង​កម្មវិធី​សិក្សា ៖

- នៅ​តាម​សាលា​បឋម​សិក្សា​និង​មធ្យម​សិក្សា​លើ​មុខវិជ្ជា​សិក្សា​សង្គម

- នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​លើ​មុខវិជ្ជា​អប់រំ​សុខភាព

- នៅ​តាម​ថ្នាក់​អក្ខរកម្ម​និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍

  • បាន​បញ្ជ្រាប​ការ​យល់ដឹង​ពី​មេរោគ​អេដស៍ជម្ងឺ​អេដស៍​ គ្រឿងញៀន និង​ការ​​បង្ការ​គ្រោះថ្នាក់​​នានារួម​ទាំង​អំពើ​ហិង្សា ៖

- នៅ​តាម​ឃុំ​សង្កាត់​តាមរយៈ​ក្រុម​ប្រឹក្សា​យុវជន

- នៅ​ក្នុង​ឱកាស​នៃ​ការ​បោះ​ជំរំ​យុវជន

- និង​តាមរយៈ​កម្មវិធី​មិត្ត​អប់រំ​មិត្តក្រុម​ប្រឹក្សា​យុវជនយុវជន​កាកបាទក្រហមនិង​យុវជន​កាយរឹទ្ធិ

  • លើស​ពី​នេះបទពិសោធន៍​នានា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡានៃ​ព្រះរាជ​ណា​​ចក្រ​កម្ពុជា​ត្រូវ​បាន​​ប្រតិភូ​ប្រទេស​ជា​មិត្ត​នៅ​ក្នុង​សហគមន៍​ប្រជាជាតិ​​អាស៊ី​​អាគ្នេយ៍​ដូច​ជា​វៀតណាម​និង​ឥណ្ឌូណេស៊ី​បាន​មក​រៀន​សូត្រ​នា​ពេល​ថ្មី​ៗ​នេះ​និង​បាន​​ដក​​ស្រង់​​យក​ទៅ​អនុវត្ត​តាម​​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ថែម​ទៀត​ផង​។​នេះ​​សរ​​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ជោគជ័យ​ដ៏​ធំធេង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មិនមែន​ត្រឹមតែ​​នៅ​កម្រិត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេគឺ​ថ្នាក់​តំបន់​ថែម​ទៀត​ផង​។

ឯកឧត្ដម លោកជំទាវ លោក លោកស្រី អង្គប្រជុំ​ទាំងមូល​ជា​ទី​មេត្រី  !

ក្នុង​ឱកាស​ដ៏​មហា​ប្រសើរ​នេះ ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​រាយការណ៍​ពី​សមិទ្ធិ​ផល​សំខាន់​ៗ​ដែល​គណៈកម្មាធិការ ICHAD សម្រេច​បាន​ក្នុង​ឆ្នាំ ២០១២ ដូច​ត​ទៅ ៖

  • បាន​អភិវឌ្ឍ​សៀវភៅ​អប់រំ​បំណិន​ជីវិត​ស្ដីពី​​សុខភាព​បន្ត​ពូជ​និង​សុខភាព​ផ្លូវ​ភេទដោយ​រួម​បញ្ចូល​ខ្លឹមសារ​ការ​អប់រំ​បង្ការ​មេរោគ​អេដស៍និង​ការ​អប់រំ​ពី​​គ្រឿង​ញៀន សម្រាប់​សាលា​បឋម​សិក្សាមធ្យម​សិក្សានិង​យុវជន​ក្រៅ​សាលារៀន​​ក្រោម​​ការ​​សហការ​ពីUNFPA, UNESCO អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍ អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​កិច្ចការ​នារី​អង្គការ​KHANAអង្គការRHAC ព្រម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ ។
  • បាន​បោះពុម្ព​ប្រើប្រាស់​សាកល្បង​សៀវភៅ​អប់រំ​បំណិន​ជីវិត ស្ដីពី​សុខភាព​បន្ត​ពូជ​​និង​សុខភាព​​ផ្លូវ​ភេទដោយ​រួម​បញ្ចូល​ខ្លឹម​សារ​ការ​អប់រំ​បង្ការ​មេរោគ​អេដស៍និង​ការ​អប់រំ​ពី​គ្រឿង​ញៀន សម្រាប់​សាលា​បឋម​សិក្សា​ចំនួន ៥ ០០០ ក្បាល មធ្យម​សិក្សា​​បឋមភូមិ ចំនួន ៣ ០០០ ​ក្បាលមធ្យម​សិក្សា​ទុតិយភូមិ ចំនួន ២ ០០០ ក្បាល និង​​យុវជន​ក្រៅ​សាលា​រៀន​ចំនួន២ ០០០​ ក្បាល​។
  • បាន​បំប៉ន​គ្រូ​ឧទ្ទេស​ថ្នាក់​ជាតិ​ពី​វិធី​សាស្ត្រ​អប់រំ​​​បំណិន​ជីវិត ស្ដីពី​​សុខភាព​បន្តពូជ​និង​សុខភាព​ផ្លូវ​ភេទ ចំនួន ៣៥ នាក់ ស្រី ១២ នាក់ សម្រាប់​ធ្វើ​ការ​បំប៉ន​បន្ត​ដល់​​មន្ត្រី​​អប់រំ​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ប្រើប្រាស់​ថវិកាUNFPA។
  • បាន​បំប៉ន​គ្រូ​ឧទ្ទេស​ថ្នាក់​ខេត្ត​ពី​វិធី​សាស្ត្រ​​អប់រំ​បំណិន​ជីវិត ស្ដីពី​សុខភាព​បន្ត​ពូជ​និង​សុខភាព​​ផ្លូវ​ភេទ ចំនួន ១៩៨ នាក់ ស្រី ៨៥ នាក់ សម្រាប់​ធ្វើ​ការ​បំប៉ន បន្ត​ដល់​​គ្រូ​សាលា​បឋមសិក្សា​និង​សាលា​មធ្យមសិក្សាដោយ​ប្រើប្រាស់​ថវិកា​ UNFPA។
  • បាន​បំប៉ន​គ្រូ​បឋមសិក្សា​ថ្នាក់​ទី ៥ និងទី ៦ នៅ​ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង និង​ខេត្ត​ព្រះសីហនុ ពី​វិធី​សាស្ត្រ​​អប់រំ​បំណិន​ជីវិត ស្ដីពី​​សុខភាព​បន្ត​ពូជ​និង​សុខភាព​ផ្លូវ​ភេទ សរុប​ចំនួន ២ ៣០២ នាក់ ស្រី ១ ៤៤២ នាក់ សម្រាប់​ធ្វើ​ការ​បង្រៀន​បន្ត​ដល់​សិស្សានុសិស្ស​​របស់​ខ្លួន​​នៅ​​ឆ្នាំ​​សិក្សា​ ២០១២-២០១៣ នេះ  ​ដោយ​​ប្រើប្រាស់​​ថវិកា​ UNFPA។
  • បាន​បំប៉ន​គ្រូ​មធ្យម​សិក្សា​ថ្នាក់​ទី ៧ ទី ៨ ទី១០ និង​ទី​ ១១ នៅ​ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង និង​ខេត្ត​ព្រះសីហនុ ពី​វិធី​សាស្ត្រ​អប់រំ​បំណិន​ជីវិត ស្ដីពី​​សុខភាព​បន្ត ពូជ​និង​សុខភាព​ផ្លូវ​ភេទ សរុបចំនួន ១ ១៤៦ នាក់ ស្រី ៤៧០ នាក់  សម្រាប់​ធ្វើ​ការ​បង្រៀន​បន្ដ​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ នេះ​ផង​​ដែរ  ដោយ​ប្រើប្រាស់​ថវិកា UNFPA។
  • បាន​ធ្វើ​ការ​បំប៉ន​អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (Community Learning Center)  មក​ពី​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ សរុប​ចំនួន ៤១ នាក់ ស្រី ១២ នាក់ អំពី​ការ​អប់រំ​បំណិន​ជីវិត​ស្ដីពី​សុខភាព​បន្ត​ពូជ​និង​​សុខភាព​ផ្លូវ​ភេទ​សម្រាប់​​យុវវ័យ  ដោយ​ប្រើប្រាស់​ថវិកា​ UNESCO។
  • បាន​ធ្វើ​ការ​អប់រំ​ពី​ជម្ងឺ​អេដស៍ សុខភាព​បន្ត​ពូជ និង​គ្រឿងញៀន តាម​រថយន្ត​ចល័ត (Mobile Van) នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ដល់​ក្រុម​គោល​ដៅ​ដែល​ជា​យុវជន​ក្រៅ​សាលារៀន ស្ត្រី​មេផ្ទះ និង​ប្រជាជន​ងាយ​រង​គ្រោះ​ដទៃ​ទៀត​សរុប​ចំនួន ៥៩៧ នាក់ ​ស្រី ៣៤២ នាក់ ដោយ​ប្រើប្រាស់​ថវិកា ​UNESCO។
  • បាន​ធ្វើ​ការ​អប់រំ​ពី​ជម្ងឺ​អេដស៍ សុខភាព​បន្ត​ពូជ​និង​គ្រឿងញៀន ដល់​យុវជន​ក្រៅ​សាលារៀន តាមរយៈ​ក្រុម​ប្រឹក្សា​យុវជន​ឃុំ/សង្កាត់ សរុប​ចំនួន ១០៤ ឃុំ/សង្កាត់ នៃ​រាជធានី ខេត្ត​នៅ​ទូទាំង​ប្រទេស ដែល​មាន​យុវជន ចូលរួម​សរុប​ចំនួន ៥ ៧២០ នាក់  ដោយ​ប្រើប្រាស់​ថវិកា​ជាតិ។
  • បាន​សម្របសម្រួល​ការ​អង្កេត​ស្រាវជ្រាវ​លើ​ក្រុម​យុវវ័យ​បម្រើ​ការ​នៅ​តាម​កន្លែង កម្សាន្ត​សប្បាយ (Young Entertainment Workers) ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​នៃ​​ការ​ឆ្លង​​ជម្ងឺ​​អេដស៍ នៅ​រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ ក្រុង​សៀមរាប និង​ក្រុង​​ប៉ោយប៉ែត ដែល​អនុវត្ត​ផ្ទាល់​ដោយ​អង្គការ សុខភាព​គ្រួសារ​អន្តរជាតិ ៣៦០ (Family Health International 360) ក្រោម​ជំនួយ​បច្ចេកទេស​និង​ថវិកា​ពី​អង្គការ UNICEF ។
  • បាន​បញ្ជ្រាប​ការ​យល់ដឹង​ពី​មេរោគ​អេដស៍ជម្ងឺ​អេដស៍និង​គ្រឿងញៀន​តាម​​យន្ត​ការ​ដែល​មាន​ស្រាប់​សម្រាប់​កម្មវិធី​សិក្សា​នៅ​តាម​សាលា​បឋមសិក្សាសាលា​មធ្យម​​សិក្សាគ្រឹះស្ថាន​​បណ្ដុះបណ្ដាល​គ្រូ​និង​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​មួយ​ចំនួន​ព្រម​ទាំង​តាមរយៈ​ក្រុមប្រឹក្សា​កុមារ​ក្រុម​ប្រឹក្សា​យុវជន​យុវជន​កាកបាទក្រហម​កម្ពុជា និង​យុវជន​កាយរឹទ្ធិ​កម្ពុជា​ជា​ដើម។
  • ក្រៅ​ពី​នេះមាន​សកម្មភាព​មួយ​ចំនួន​ធំ​ទាក់ទង​នឹង​ការ​អប់រំ​បំណិន​ជីវិត ស្ដីពី​សុខ​ភាព​បន្ត​ពូជសុខភាព​ផ្លូវ​ភេទគ្រឿង​ញៀននិង​ការ​បង្ការ​គ្រោះថ្នាក់​នានា​ បាន​និង​​កំពុង​អនុវត្ត​ផ្ទាល់​ដោយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្នុង​និង​ក្រៅ​សាលារៀនដែល​ជា​ការ​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​លើ​វិស័យ​សុខុមាលភាពពិសេស​ការ​កាត់​បន្ថយ​ជម្ងឺ​ឆ្លង កាត់បន្ថយ​អត្រាមរណភាព និង​ធ្វើ​ឱ្យ​សហគមន៍​អាស៊ាន​គ្មាន​គ្រឿង​ញៀន​ជាដើម។

ឯកឧត្ដមលោកជំទាវ លោក លោកស្រី និងអង្គប្រជុំទាំងមូលជាទីគោរព  !

ទាំងអស់​នេះ​គឺ​ជា​របាយការណ៍​សង្ខេប​ស្ដីពី​ការ​អនុវត្ត​សកម្មភាព​ប្រចាំ​ឆ្នាំ ២០១២ ដោយ​ផ្អែក​តាម​ផែនការ​ប្រតិបត្តិ​ដែល​បាន​កំណត់​កន្លង​មក។សរុប​សេចក្ដី​មក​លទ្ធផល​វិជ្ជមាន​ដែល យើង​សម្រេច​បាន​នា​ពេល​នេះ គឺ​អាស្រ័យ​ដោយ​មាន​ការ​ដឹកនាំ​និង​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​​គ្រប់​លំដាប់​ថ្នាក់ ពិសេស​ឯកឧត្ដម​រដ្ឋមន្ត្រី ដែល​​តែងតែ​​ផ្ដល់​ឱកាស​និង​បង្ក ​ភាព​ងាយស្រួល ធ្វើ​ឱ្យ​នាយកដ្ឋាន​ជំនាញ បាន​អនុវត្ត​សកម្មភាព​របស់​ខ្លួន​បាន​ទាន់​ពេល​វេលា​តាម​ចំណុច​ដៅ ដែល​បាន​​កំណត់​ក្នុង​ផែនការ​ប្រតិបត្តិ​ប្រចាំ ឆ្នាំ ។ ម៉្យាង​វិញ​ទៀត នេះ​ក៏​ដោយសារ​មាន​ការ​សហការ និង​​ទំនាក់ទំនង​ល្អ​ពី​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែន​ដី ព្រមទាំង​ដៃ​គូ​អភិវឌ្ឍន៍​ជាតិ អន្តរជាតិ ដូចជា UNFPA, UNESCO, UNICEF, Global Fund ATM, អង្គការ RHAC, អង្គការ Inthanou និង​អង្គការ​ដៃ​គូ​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​រៀបរាប់​អស់ ។

មុន​នឹង​បញ្ចប់ ខ្ញុំ​បាទ​សូម​អនុញ្ញាត​ឆ្លៀត​ឱកាស​ដ៏​មហា​ប្រសើរ​នេះ​ថ្លែង​អំណរគុណ ចំពោះ ការ​ចូល​រួម​របស់​ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ដល់​គ្រប់​សកម្មភាព​របស់​ក្រសួង​ក្នុង​ការ​លើក​កម្ពស់​សុខភាព​កុមារ​និង​យុវវ័យ​ទាំង​ក្នុង​និង​ក្រៅ​សាលារៀននិង​សូម​អរគុណ​ជា​ពិសេស​ចំពោះ​អង្គការUNFPA  ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​កិច្ចប្រជុំ​នេះ។

សូម​គោរព​ជូនពរ ឯកឧត្ដម លោកជំទាវ គណៈអធិបតី និង​អង្គ​ពិធី​ទាំងមូល សូម​ជួប​ប្រទះ​​តែ​នឹង​ពុទ្ធពរ​ទាំង៤  ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

សកម្មភាព​ថ្នាក់​ដឹកនាំ និង​មន្ត្រី​អប់រំ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ របស់​គណៈកម្មាធិការ​អន្តរ​នាយដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​អេដស៍​ និង​គ្រឿង​ញៀន ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​សណ្ឋាគារ Imperial Garden and Hotel រាជធានី​ភ្នំពេញ