សុន្ទរកថា​ស្វាគមន៍​របស់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពិធី​ជប់​លៀង​ជូន​គណៈប្រតិភូ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជប៉ុន










សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ក្នុងពិធីជប់លៀងជូនគណៈប្រតិភូរដ្ឋមន្រ្តីក្រសួងអប់រំជប៉ុន
នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២


- ឯកឧត្តម Masaharu NAKAGAWA រដ្ឋមន្រ្តី ក្រសួងអប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​ បច្ចេកវិទ្យា​ នៃប្រទេសជប៉ុន និងគណៈប្រតិភូ
- ឯកឧត្តម Masafumi KUROKI ឯករដ្ឋទូត នៃ​ប្រទេសជប៉ុន និងលោកជំទាវ
- ឯកឧត្តម លោកជំទាវ លោក និង​លោកស្រី

ជាបឋម​តាង​នាម​ឲ្យ​ក្រសួង​អប់រំ យុវជន ​និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​មាន​សេចក្ដី​រីករាយ​និង​សូមស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ ឯកឧត្ដម​ Masaharu NAKAGAWA រដ្ឋមន្ត្រី​ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា នៃ​ប្រទេស​ជប៉ុន និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​​ក្នុង​ពិធី​ជប់លៀង​ជូន ជា​កិត្តិយស​នា​ពេលល្ងាច​នេះ ។

ក្នុង​ឱកាស​នេះ​ដែរ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​ដ៏​ឧត្តុងឧត្ដម​នេះ ដែល​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និត និង​ជា​មិត្ត​ភាព សាមគ្គីភាព និង​ការយោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា-ជប៉ុន ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ឡើង​ថែម​ទៀត ។ ដំណើរ ​ទស្សនៈ​កិច្ច​របស់​ឯកឧត្ដម​ចំនួន​ពីរ​ថ្ងៃ​នៅ​កម្ពុជា​មាន​រយៈ​ពេល​ខ្លី​ពិត​មែន ប៉ុន្តែ​ជា​កិត្តិយស​ណាស់ ដែល​ឯកឧត្ដម​ និង​គណៈ​ប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន និង​បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ព្រម​ទាំង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​យើង​ខ្ញុំ ។

ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍន៍​ជាតិ ខ្ញុំ​សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​សង្គ្រាម​សោកនាដកម្ម​ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​រយៈ​ពេល​៣​ទសវត្ស​កន្លង​ទៅ ពិសេស​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​រចនា​សម្ព័ន្ធ​សង្គម ទាំងមូល​និង​ធនធាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់ ។ ក្រោយ​ពី​វិនាសកម្ម​ដ៏​ជូរ​ចត់​ទាំង​នេះ រាជ រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ប្ដេជ្ញា​ធ្វើ​ការ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​ឡើង​វិញ ដោយ​ចាត់​ទុក​វិស័យ​អប់រំ​ជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ។

 

-ឯកឧត្តម លោកជំទាវ
-លោក លោកស្រី និង​អ្នក​នាង​កញ្ញា

ផ្អែក​លើ​សកម្មភាព​ជា​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ដូច​មាន​ចែង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សង្គម​មាន​ការ​រីកចម្រើន និង​ប្រកប​ដោយ​ ប្រសិទ្ធភាព​ការងារ​ខ្ពស់ ប្រទេស​កម្ពុជា​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កែទម្រង់​វិស័យ​អប់រំ និង​បណ្ដុះបណ្ដាល​ ដោយ​បាន​ពង្រឹង​ភាព​ជា​ដៃ​គូ​ជា​មួយ​វិស័យ​ឯកជន និង​សាធារណៈ សំដៅ​ចូល​រួម​កសាង​ធនធាន​មនុស្ស ។ ជា​មួយ​គ្នា​នេះ​ដែរ​ ក្រសួង​បាន​កសាង​គោលនយោបាយ​អប់រំ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ សំដៅ ធានា​បាន​ដល់​ការ​លើក​កំពស់​ប្រសិទ្ធភាព គុណភាព​អប់រំ​ និង​ការ​កសាង​សមត្ថភាព​ស្ថាប័ន​ឲ្យ​កាន់​តែ​រឹងមាំ ។ ដូចនេះ ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន​ គឺ​ជា​ជំនួយ​សប្បុរស​ដ៏​ធំធេង​ក្នុង​ការ​ចូល​រួម​ចំណែក អភិវឌ្ឍន៍​ធនធាន​អប់រំ​កម្ពុជា​ប្រកប​ដោយ​គុណភាព​ខ្ពស់ ។

យើង​ទទួល​ស្គាល់​ថា ​ការ​ចូលរួម​លើក​កម្ពស់​ក្នុង​ភាព​ជា​ដៃ​គូ និង​ចំណង​សាមគ្គីភាព​រវាង​ប្រទេស​យើង ទាំង​ពីរ កម្ពុជា-ជប៉ុន បាន​ផ្ដល់​នូវ​សក្ដានុពល​ដ៏​ថ្លៃថ្លា​សម្រាប់​កម្ពុជា ហើយ​ខ្ញុំ​សូម​សម្ដែង​នូវ​ការ​ដឹងគុណ ចំពោះ​ កាយវិការ​ប្រកប​ដោយ​ការ​គាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាន​ចូល​រួម​កសាង ប្រទេស​កម្ពុជា​ឡើង​វិញ​ ដោយ​ធានា​បាន​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច អភិបាល-កិច្ច​ល្អ និង​សេវា​អប់រំ ។

ជា​ទី​បញ្ចប់​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ ឯកឧត្ដម Masaharu NAKAGAWA រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​គណៈប្រតិភូ ដែល​បាន​បន្ត​យក​ចិត្ត​ទុកដាក់ និង​ជួយ​គាំទ្រ ដល់​ប្រទេស​កម្ពុជា ក្នុង​ការសម្រេច​បាន​ផែនការ​អភិវឌ្ឍន៍​ជាតិ ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា និង​គោលដៅ អភិវឌ្ឍន៍​សហស្សវត្ស នា​ពេល​ខាង​មុខ ។
ខ្ញុំ​សូម​ជូន​ពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ប្រតិភូ​ទាំង​អស់ សូម​ប្រកប​ដោយ​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​ឲ្យ​ការ​ស្នាក់​នៅ​របស់​ឯកឧត្ដម និង​គណៈ​ប្រតិភូ នៅ​កម្ពុជា​ប្រកប​ដោយ​សុភមង្គល ។

សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​របស់​មនុស្ស​ជំនាន់​ក្រោយ ខ្ញុំ​សូម​អញ្ជើញ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ លើក​កែវ​ឡើង ។

សូម​អរគុណ ។