Minister's Page

Joomla Templates and Joomla Extensions by ZooTemplate.Com
ពិធី​សម្ភោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មីនៃមន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់
alt

នៅថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ ២០១២ នៅ​ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់ ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ពោធិ៍សាត់១ខ្នង២ជាន់ស្មើនឹង១២បន្ទប់​ដែល​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ក្នុង​ពិធី​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម ខូយ សុខា ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​ពោធិ៍សាត់ ឯកឧត្ដម លោកជំទាវ មន្ត្រី​អប់រំ​គ្រប់ លំដាប់ថ្នាក់ លោក លោកស្រី ដៃ​គូ​អភិវឌ្ឍន៍ លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស សរុប ទាំងអស់ ១ ៤៥៧នាក់។

 

តាម​របាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្ត​ពោធិ៍សាត់ អគារ​រដ្ឋបាល​អប់រំ យុវជន និង​កីឡា​ចាស់ មាន​លក្ខណៈ​តូច​ចង្អៀត ប្រេះស្រាំ ធ្លុះធ្លាយ​ដំបូល​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​មិន​អាច​ប្រើប្រាស់ បាន ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​អោយ​មន្ទីរ​អប់រំ យុវជន និង​កីឡា សាងសង់​អគារ​រដ្ឋបាល​អប់រំ​ថ្មី ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មន្ត្រី​ដែល​បម្រើការ​នៅ​ទីនេះ។ អគារ​ថ្មី​នេះ បាន​សាងសង់ អស់​រយៈពេល​ជិត ៣ឆ្នាំ ដោយ​ចំណាយ​អស់ ៤ ៤៤៩ ០៦១ ៣០៧រៀល (បួន​ពាន់ បួន​រយ​សែសិប ប្រាំបួន លាន​សូន្យ​រយ​ហុកសិប​មួយ​ពាន់ បី​រយ​ប្រាំពីរ​រៀល) ដែល​ជា​ឥណទាន​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត។

 

alt

បន្ទាប់​ពី​ឯកឧត្ដម ខូយ សុខា ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​អាន​សន្ទរកថា​ស្វាគមន៍​ដោយ​គូស បញ្ជាក់​ពី​ស្ថានភាព​អភិវឌ្ឍន៍​នៅ​ខេត្ត​ពោធិ៍សាត់​រួច​មក ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​សំណេះសំណាល​នៅ​ក្នុង​ពិធី ដោយ បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​មាន សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជា​មគ្គុទ្ទេស​ដ៏​ឆ្នើម​បាន​កំណត់​នូវ​គោលនយោបាយ​អាទិភាព​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​រួម​មាន ៖

ទឹក ភ្លើង ផ្លូវ និង​មនុស្ស។ នយោបាយ​នេះ នៅ​តែ​ជា​អាទិភាព និង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ទាំង​ក្នុង​អតីតកាល បច្ចុប្បន្ន ក៏ ដូច​ជា​អនាគត​កាល​សម្រាប់​ការ​កសាង​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន។

 

ដោយ​ឡែក​ការ​អប់រំ ជា​វិស័យ អាទិភាព មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ធំ​ៗ​ទាំង ៤ ខាង​លើ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ធនធាន​មនុស្ស ប្រកប​ដោយ​សមត្ថភាព​ប្រជែង​ឈ្នះ​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​សមរភូមិ​ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។ ជាក់ស្ដែង​រាជរដ្ឋាភិបាល​អាណត្តិ ទី ៤ នៃ​រដ្ឋសភា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី ២ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០០៩-២០១៣ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង។ ដើម្បី​ឆ្លើយ​តប​បាន​ទៅ​នឹង​យុទ្ធសាស្ត្រ​ខាងលើ ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ ២០០៩-២០១៣ ដោយ​ផ្ដោត​លើ​គោលនយោបាយ​គន្លឹះ​សំខាន់​ៗ រួម​មាន​៖

-ការ​ធានា​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌

-ការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ

-ការ​អភិវឌ្ឍ​ស្ថាប័ន និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​អប់រំ​សម្រាប់​ធ្វើ​វិមជ្ឈការ។ ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ខាង​លើ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សាងសង់​អគារ​សិក្សា​នៅ​គ្រប់​ច្រកល្ហក​ទូទាំង​ប្រទេស ក្នុង​គោល​បំណង​បង្ខិត​សាលារៀន​ឱ្យ​ចូល​ទៅ​ជិត​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ស្របតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី។