Minister's Page

Joomla Templates and Joomla Extensions by ZooTemplate.Com
​ពិធី​សម្ពោធ​ជា​និមិត្ត​រូប​ដាក់​ឲ្យ​ដំណើរការ​អគារ​ធនធាន​ចំនួន ២៦ ដែល​ជា​​ហិរញ្ញប្បទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី
ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា កាត់​ខ្សែបូ​សម្ពោធ​ជា​និមិត្ត​រូប​ដាក់​ឲ្យ​ដំណើរការ​អគារ​ធនធាន​ចំនួន ២៦ ដែល​ជា​​ហិរញ្ញប្បទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី

នៅ​វិទ្យាល័យ​ទេពប្រណម្យ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១២ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​សម្ពោធ​ជា​និមិត្ត​រូប​ដាក់​ឲ្យ​ដំណើរការ​អគារធនធាន​ចំនួន ២៦ ដែល​ជា​ហិរញ្ញប្បទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)ក្រោម​អធិបតីភាពឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្ដាល តំណាង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំនៅ​កម្ពុជា និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្ដម លោកជំទាវ មន្ត្រី​អប់រំ យុវជន និង​កីឡា​គ្រប់​លំដាប់​ថ្នាក់ ប្រតិភូ​អប់រំ យុវជន និង កីឡា​រាជធានី-ខេត្ត អាជ្ញាធរ​ដែនដី ដៃ​គូ​អភិវឌ្ឍន៍ តំណាង​សហគមន៍ លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប​ចំនួន ២ ១៥០នាក់ ។

 

ទិដ្ឋភាព​សិស្សានុសិស្ស​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​​ឲ្យ​ដំណើរការ​អគារ​ធនធាន​នៅ​វិទ្យាល័យទេពប្រណម្យ ខេត្ត​កណ្ដាល

ការសាងសង់​អគារ​ធនធាន​ទាំងនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ដែល​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០០៩-២០១៣ ដោយ​ផ្ដោត​លើ​គោលនយោបាយ​គន្លឹះ​សំខាន់ៗ​រួម​មាន ៖ ការ​ធានា​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌ ការ​លើក​កម្ពស់​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការអប់រំ និង​ការអភិវឌ្ឍ​ស្ថាប័ន ការអភិវឌ្ឍ​សមត្ថភាព​មន្រ្តី​អប់រំ​សម្រាប់​ធ្វើ​វិមជ្ឈការ។

អគារ​ធនធាន​នីមួយៗ មាន​បន្ទប់​កំព្យូទ័រ​ចំនួន ២ បន្ទប់​​ពិសោធន៍​​វិទ្យាសាស្រ្ត​ចំនួន ២ សាល​ប្រជុំ ​ បណ្ណាល័យ និង​បន្ទប់​ការិយាល័យ ព្រម​ទាំង​មាន​​បំពាក់​គ្រឿង​សង្ហារឹម និង​សម្ភារ​រូបវ័ន្ត​គ្រប់គ្រាន់​សម្រាប់​បម្រើ​ឲ្យ​ការបង្រៀន និង​រៀន លើ​ផ្នែក​សកម្មភាព​ប្រតិបត្តិ​សិក្សា​ស្រាវជ្រាវ​របស់​គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំង​នៅ​ក្នុង​អគារធនធាន វិទ្យាល័យ និង​មក​ពី​គ្រឹះស្ថាន​មធ្យម​សិក្សា​បណ្ដាញ​ផង​ដែរ។

ទិដ្ឋភាព​អគារ​ធនធាន​ នៅ​វិទ្យាល័យ​​​ទេពប្រណម្យ ខេត្ត​កណ្ដាល សាងសង់​ក្រោម​ហិរញ្ញប្បទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី

សាលា​មធ្យម​សិក្សា​ធនធាន​មាន​សារៈសំខាន់​ក្នុង​ការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​អប់រំ ដែល​សិស្សា​នុសិស្ស​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព បុគ្គលិក​អប់រំ​ទទួល​បាន​សមត្ថភាព​វិជ្ជាជីវៈ បង្កើន​ទេពកោសល្យ​ក្នុង​ការដឹនាំ និង​គ្រប់​គ្រង​ការបង្រៀន ការ​សិក្សា​ស្រាវជ្រាវ មាតាបិតា​សិស្ស​មាន​មោទនភាព​ចំពោះ​លទ្ធផល​សិក្សា​ល្អ​ប្រសើរ​របស់​កូនចៅ សហគមន៍​មាន​ឱកាស​ទទួល​បាន​ប្រភព​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព សាលារៀន​បណ្តាញ​មាន​ឱកាស​រួម​ការងារ​តាម​បែប​សហប្រតិបត្តិការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​អភិបាលកិច្ច គ្រប់គ្រង​ការងារ​បង្រៀន​ រៀន និង​ការអភិវឌ្ឍ​សមត្ថភាព។

បច្ចុប្បន្ន ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កសាង​អគារ​ធនធាន​ចំនួន ២៦ អស់​ទឹក​ប្រាក់​ចំនួន​ ៩.៣៩៨.៨៤៤,៧៦ ដុល្លា​សហរដ្ឋអាមេរិក (ប្រាំ​បួន​លាន បី​រយ​កៅ​សិប​ប្រាំបី​ពាន់ ប្រាំបី​រយសែ​សិបបួន និង​ចិត​សិប​ប្រាំ​មួយ​សេន​ដុល្លា​សហរដ្ឋអាមេរិក) ហើយ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​តាម​វិទ្យាល័យ​នានា​​ក្នុង​រាជធានី-ខេត្ត​ចំនួន ២៣ ។