ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ចូល​រូម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អប់រំ​អាស៊ី-អឺរ៉ុប​ លើក​ទី​៤ ​នា​ទី​ក្រុង​កួឡា​ឡាំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី


alt

ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី គណៈប្រតិភូអប់រំដឹកនាំដោយឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុបលើកទី ៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ ២០១៣ នៅទីក្រុងកួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំមានការចូលរួមដោយរដ្ឋមន្រ្តីអប់រំមកពីទ្វីបអាស៊ីនិងអឺរុប ព្រមទាំងតំណាងស្ថាប័ន អង្គការអន្តរជាតិពាក់ព័ន្ធ ដែលមានសរុបចំនួន ១៤៩ នាក់។
អង្គប្រជុំបានគាំទ្រស្មារតីនៃកិច្ចប្រជុំកំពូល អាស៊ី- អឺរុប លើកទី ៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាខែវិច្ឆិកា ឆ្នាំ ២០១២ ដែលបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាល ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបតិ្តការអប់រំល្អ ដោយផ្តល់នូវផលប្រយោជន៍រួមរវាងតំបន់ទាំងពីរ អាស៊ី និងអឺរុប។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-អឺរុបលើកទី ៤ បានលើកយកប្រធានបទស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការអប់រំ អាស៊ី-អឺរុប មកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបានធ្វើការកត់សម្គាល់ពីលទ្ធផលនៃកិច្ចសហប្របតិបត្តការអប់រំ អាស៊ី-អឺរុប ដែលប្រទេសជាសមាជិកសម្រេចបាននាឆ្នាំកន្លងមក ហើយបានកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តនាពេលខាងមុខ ដោយផ្តោតលើប្រធានបទសំខាន់មួយចំនួន រួមមាន៖

១-ការធានា និងទទួលស្គាល់គុណភាពអប់រំ

២-ការភ្ជាប់ធុរៈកិច្ច និងឧស្សាហកម្មក្នុងវិស័យអប់រំ

៣-តុល្យភាពនៃការចល័តនិស្សិត និង

៤-ការសិក្សាពេញមួយជីវិត និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្មវិធីសកម្មភាពទាំងនេះត្រូវបានអង្គប្រជុំគាំទ្រនិងចូលរួមអនុវត្តពីបណ្តាប្រទេសសមាជិកទាំងអស់ សំដៅធានានិរន្តរភាពក្នុងការលើកកម្ពស់ជីវភាពប្រជាជនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។
នាឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តមប្រធានគណៈប្រតិភូក្រសួងឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី ឯកឧត្តមប្រធានគណៈប្រតិភូក្រសួងអប់រំនៃប្រទេសបែលហ្សិក និងឯកឧត្តមប្រធានគណៈប្រតិភូក្រសួងធនធានមនុស្សនៃប្រទេសហុងគ្រី ដែលកិច្ចប្រជុំទ្វេរភាគីនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តការវិស័យអប់រំតាមរយៈការស្នើឲ្យមានកិច្ចព្រមព្រៀងទ្វេរភាគីលើកម្មវិធីផ្តល់អាហារូបករណ៍ ការសិក្សាស្រាវជ្រាវ ការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ។

alt

Search & Filter

Our Official Websites

Krou Website

Cambodia Open Educational Resources

Ministry of Education, Youth and Sport | #80, Norodom Blvd. Phnom Penh, Kingdom of Cambodia
Telephone: +855 23 219 285 | Email: [email protected] /​ [email protected]

Hot News :