ការពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​នៅ​មធ្យម​សិក្សា​


១. វត្ថុបំណង

វត្ថុបំណងនៃកម្មវិធីនេះ គឺកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និង ប្រសិទ្ធភាព ដើម្បី​បង្កើន​អត្រា​គង់​វង្ស​ពី​ថ្នាក់​ទី​ ៧ ដល់​ទី ៩ និងអត្រាឆ្លងភូមិសិក្សាពីថ្នាក់ទី ៩-១០ ។ វត្ថុបំណងទីពីរគឺ ធានាការចូលរៀនប្រកបដោយសមធម៌​នៅមធ្យមសិក្សាទុតិយភូមិក្រោយពី ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាពិសេសនៅតំបន់ជនបទ និង​តំបន់​ដាច់​ស្រយាល​ ដែល​​​ជា​​​ប្រភព​​​ធនធាន​​​មនុស្ស​​​សម្រាប់​​​ចូលរៀន​​​នៅ​​​មធ្យម​​​សិក្សា​​​បច្ចេកទេស​​វិជ្ជាជីវៈ​​ និង​ឧត្តម​សិក្សា​។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌

* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់។

សកម្មភាពគោលនយោបាយ ៖

  • សេចក្តីណែនាំអំពី​ការ​ចូល​រួម​របស់​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យម​សិក្សា​រៀបចំ​បាន​នៅ​ឆ្នាំ​​២០១១​។

* បន្តសាងសង់សាលារៀនថ្មី និងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះ​សាលារៀន​បឋមសិក្សា​មិន​គ្រប់​កម្រិត​ថ្នាក់​។​​

សកម្មភាពគោលនយោបាយ ៖

  • លិខិតបទដ្ឋានស្តីពី តួនាទីនិងភារកិច្ចរបស់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  • លិខិតបទដ្ឋានស្តីពី ការគ្រប់គ្រងវិទ្យាល័យនិងអគារធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  • ប្រកាសស្តីពី ការទទួលស្គាល់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១១។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។

សកម្មភាពគោលនយោបាយ ៖

  • លិខិត​បទដ្ឋាន​​ការ​ប្រើប្រាស់​គ្រូ​ចូល​និវត្តន៍​ឱ្យ​មក​បម្រើ​ការ​ជា​របប​ប្រាក់​ម៉ោង​បន្ថែម​រៀបចំ​បាន​​ឆ្នាំ​២០១០
  • សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សា បានកែលម្អនៅឆ្នាំ២០១០
  • បទបញ្ជាផ្ទៃក្នុងនៃសាលាមធ្យមសិក្សាចំណេះទូទៅ បានកែលម្អនៅឆ្នាំ២០១០
  • លិខិតបទដ្ឋានក្នុងការបង្កើត និងគ្រប់គ្រងបណ្ណាល័យ រៀបចំបាននៅឆ្នាំ២០១៣

* អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មីទាំងនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិដោយផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ​ម៉ោង​បង្រៀន​។​

សកម្មភាពគោលនយោបាយ ៖

  • សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយលទ្ធផលតែសស្តង់ដា​របស់​សិស្សថ្នាក់​ទី៣ ទី៦ និង​ទី៩ ទៅ​អ្នក​ពាក់ព័ន្ធ​​​រៀប​​ចំ​​​​បាន​​​នៅ​ឆ្នាំ​​​​២០១២​​។

៣. សូចនាករ និងចំណុចដៅ

  • អត្រាពិតនៃការសិក្សានៅថ្នាក់ទី ៧-៩ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៥១%  នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • អត្រាឆ្លងភូមិសិក្សានៅថ្នាក់ទី ៩-១០ កើនពី ៧៣% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨៥% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ កើនពី៦២% នៅឆ្នាំសិក្សា ២០០៩-២០១០​ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ កើនពី​៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៧០% ឆ្នាំសិក្សា២០១៣-២០១៤។
  • វិទ្យាល័យធនធានមានចំនួន​​ ៤៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រារួមនៃការសិក្សានៅថ្នាក់ទី ១០-១២ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៤០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រាបញ្ចប់ការសិក្សាថ្នាក់ទី ១០-១២ កើនពី ៧០% ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។

៤. កម្មវិធី និងសកម្មភាពចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
  • ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយ​ផ្អែក​លើ​ការ​សម្រប​សម្រួល​កញ្ចប់​​ថវិកា​​ប្រចាំ​​ឆ្នាំ និង​រូបមន្ត​បែង​ចែក​ថវិកា​ឡើង​វិញ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​បាន​ឯកភាព​ ។
  • ផ្តល់ថវិកាលើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំ។
  • ការពិនិត្យតាមដានការអនុវត្តកម្មវិធីសិក្សា​ការរៀន និងបង្រៀន ការងារ​គ្រប់គ្រង ការ​កសាង​ផែនកា​រការងារ​ប្រឡង​លទ្ធផល​​សិក្សា​របស់​សិស្ស​។​
  • ការពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ការ​គ្រប់គ្រង​បណ្ណាល័យ ​ការបង្រៀន​ ការ​គ្រប់គ្រង​ និង​ការប្រឡង​ ។
  • ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ​អក្សរសាស្ត្រ​ និង​រូបវិទ្យា។
៤.២. កម្មវិធីមូលធន

ការវិនិយោគ ៖

  • ផ្តល់មធ្យោបាយទំនាក់ទំនងសម្រាប់ថ្នាក់ជាតិនិងថ្នាក់​ក្រោម​ជាតិ ដូច​ជា​ឧបករណ៍​អេឡិចត្រូនិច  ឧបករណ៍ និង​សម្ភារ​ពិសោធន៍​។
  • ផ្តល់ថវិកាដំណើរការវិទ្យាល័យធនធាន ក្នុងដំណាក់កាលពីរឆ្នាំដំបូង និងផ្ទេរការទទួលខុសត្រូវ ដល់​ក្រសួង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​។
  • ផ្តល់​ថវិកា​ប្រតិបត្តិ​សម្រាប់​សាលា​កុមារ​មេត្រី​។

កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

  • រៀបចំឯកសារបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការបង្រៀននៅវិទ្យាល័យធនធាន និងសាលា​មធ្យម​សិក្សា​បណ្តាញ​
  • សិក្សាផលប៉ះពាល់នៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
  • ធ្វើតែសស្តង់ដាដើម្បីវាស់លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ទី៣ ទី៦ និងទី៩ នៅ​ទូទាំង​ប្រទេស​រៀងរាល់​ឆ្នាំ​តាម​ខួប​នៃ​កម្រិត​ថ្នាក់​ និង​តាម​វិធី​ជ្រើស​រើស​សំណាក​គំរូ​។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

នាយកដ្ឋានធម្យមសិក្សាចំណេះទូទៅគ្រប់គ្រងការអភិវឌ្ឍអនុវិស័យទាំងមូល ដោយផ្តោតលើ ការធ្វើផែនការ ការ​ពង្រឹង​ប្រព័ន្ធ​ពិនិត្យ​តាមដាន​ និងវា​យតម្លៃ​ ការ​ប្រើប្រាស់ធនធាន និងការកសាង សមត្ថភាព។ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផ្តល់ជំនួយ​ទាំង​បច្ចេកទេស​ និង​ការ​គ្រប់​គ្រង​ដល់ ​ថ្នាក់ក្រោមជាតិដើម្បីអនុវត្តនូវតួនាទី និងភារកិច្ចរបស់គេ។​ មន្ទីរអប់រំ ​យុវជន​ និង​កីឡារាជធានី-​ខេត្ត​ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំសម្រាប់អនុវិស័យ អនុវត្តគ្រប់សេចក្តីណែនាំរបស់ ថ្នាក់ជាតិនិងជួយដល់សាលារៀន​ទាំង​ផ្នែក​បច្ចេកទេស​ រដ្ឋបាល និង​គ្រប់គ្រង ​រួម​ទាំង​កិច្ចការហិរញ្ញវត្ថុ។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទាំង​ ១៩៣ ជួយសម្របសម្រួលផ្នែករដ្ឋបាល។ សាលាមធ្យម​សិក្សា​នីមួយៗ​ទទួល​ខុស​ត្រូវរៀបចំកសាង និងអនុវត្តផែនការអភិវឌ្ឍសាលារៀន ដោយ មានការចូលរួមពេញលេញ​ពីសហគមន៍ និង​ស្រប​តាម​គ្រប់​ការណែនាំពីថ្នាក់ជាតិ។ គ្រប់គ្រង និង អនុវត្តរាល់កម្មវិធីជាតិដែលថ្នាក់ជាតិបានកំណត់ឲ្យសាលារៀន។ ​ពង្រឹង​អភិបាល​កិច្ច និង​ការ​គ្រប់គ្រង​ សាលារៀន។ សុំការអនុញ្ញាត្តិពីថ្នាក់ជាតិរាល់ការអនុវត្តសកម្មភាពផ្សេងៗ​ដែល​អាច​មាន​កា​រប៉ះពាល់ ដល់​ការសិក្សា​របស់​សិស្ស ពី​សំណាក់​អង្គការ ​មហាជន​នានា​។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព 2009 2009 2009 2009 2009
១- កម្មវិធីចរន្ត 23,900.0 26,660.0 36,139.0 40,247.0 45,076.0
- មធ្យមសិក្សាបឋមភូមិ 15,700.0 16,960.0 22,147.0 24,822.0 27,959.0
ថវិកាដំណើរការសាលារៀន 12,700.0 13,200.0 14,053.0 15,911.0 17,793.0
ថវិកាពង្រឹងសមត្ថភាពគ្រប់គ្រង 2,500.0 3,010.0 4,047.0 4,456.0 4,901.0
ការពិនិត្យតាមដាន 500.0 750.0 1,094.0 1,204.0 1,325.0
- មធ្យមសិក្សាទុតិយភូមិ 8,200.0 9,700.0 13,992.0 15,425.0 17,117.0
ថវិកាដំណើរការសាលារៀន 7,100.0 8,500.0 9,618.0 10,609.0 11,820.0
រង្វាន់សិស្សពូកែ 650.0 700.0 1,249.0 1,375.0 1,512.0
ការពិនិត្យតាមដាន 450.0 500.0 3,126.0 3,441.0 3,785.0
ធនធានសរុប 23,900.0 26,660.0 36,139.0 40,247.0 45,076.0