ប័ណ្ណ​ព័ត៌មាន​អំពី​អគារ​សិក្សា​ធនធាន

អគារ​មធ្យមសិក្សា​ធន​ធាន (អ.ម.​ធ)​ ៖

អគារ​​មធ្យម​សិក្សា​​ធន​ធាន​ចំនួន​ ១៨ ត្រូវ​​បាន​​សាងសង់​​ក្រោម​​គម្រោង​​អភិវឌ្ឍន៍​​វិស័យ​​អប់រំ​ទីពីរ (ESDP II) ដែល​ត្រូវ​បាន​គាំទ្រ​ផងដែរ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ អ.ម.ធ​ ទាំង​នេះ​​បាន​​និង​​កំពុង​​ដំណើរការ​​តាំង​ពី​​ដើម​ឆ្នាំ ២០១១។

ក្រោម​គម្រោង​លើកកម្ពស់​គុណភាព​អប់រំ អ.ម.​ធ ចំនួន​ប្រាំបី ត្រូវ​បាន​សាង​សង់​រួចហើយ អ.ម.​ធ ចំនួន​បួន​បាន​និង​កំពុង​សាងសង់ និង អ.ម.​ធ​ ចំនួន​ប្រាំមួយ​នឹង​ត្រូវ​បាន​សាងសង់​មុន​ដំណាច់​ឆ្នាំ ២០១៣។ ជាសរុប អ.ម.ធ ចំនួន​ ១៨ ​ត្រូវ​បានសាងសង់​ក្រោម​គម្រោង​​លើកកម្ពស់​គុណភាព​អប់រំ។ ដូច្នេះ អ.ម.ធ នឹង​មាន​ចំនួន​សរុប ៣៦។ សាលា​មធ្យម​សិក្សា​នីមួយៗ​មាន​សាលា​មធ្យម​សិក្សា​បណ្តាញ​រហូតដល់​ប្រាំបី ដែល​នឹង​ចែក​រំលែក​ប្រើ​ប្រាស់​ធនធាន​​ជាមួយ​សាលា​មធ្យម​សិក្សា​ធនធាន។

 

តួនាទី​និង​ភារកិច្ច​របស់​អគារ​មធ្យមសិក្សា​ធន​ធាន

សេចក្តីណែនាំ​របស់ក្រសួង អ.យ​.​ក លេខ ០៦ អយក.សណន ចុះថ្ងសទី ១៤ ខែ មករា​ ឆ្នាំ ២០១០ ស្តីពី​តួនាទី​និង​ការទទួលខុសត្រូវ​របស់​សាលា​មធ្យម​សិក្សា​ធនធាន (ស.ម.​ធ) និង​ បណ្តាញ ​ចែង​ថា ស.ម.ធ មាន​ភារកិច្ច​ដូចខាងក្រោមៈ

  • នាំ​មុខ​សាលារៀន​ដទៃ​ក្នុង​ការអនុវត្ត​គោលនយោបាយ គោលការណ៍ កម្មវិធី​សិក្សា គោល និង​លិខិត​បទដ្ឋាន​នានារបស់​ក្រសួង​អប់រំ យុវជន និងកីឡា។
  • ពង្រឹង​ភាព​ជាអ្នកដឹកនាំ និងអភិបាលកិច្ច​ល្អ​លើការងារ​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​ (មនុស្ស សម្ភារ ថវិកា) របស់​សាលារៀន​ ដោយ​បើកទូលាយ​ឲ្យ​សាលា​បណ្តាញ​​មាន​ឱកាស​​ធ្វើ​សកម្មភាព​ប្រតិបត្តិ ចែក​រំលែក​ពីគ្នា​នូវ​បទពិសោធន៍​នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស ធនធាន​សម្ភារ និង​ផ្នែក​ស្មារតី សំដៅ​ពង្រឹង​បាន​គុណភាព​និង​ប្រសិទ្ធភាព អប់រំ។
  • អភិវឌ្ឍវិជ្ជាជីវៈ​គ្រូបង្រៀន​ទាំងផ្នែក​ចំណេះដឹង ផ្នែក​ជំនាញ​បច្ចេកទេស និង​ផ្នែក​ចិត្ត-គរុកោសល្យ​ឲ្យ​ដល់​កម្រិត​ស្តង់ដារ​គ្រូ​ក្នុង​តំបន់ ឬអន្តរជាតិ ទាំង​នៅសាលា​មធ្យម​សិក្សា​​ធនធាន​ និង​សាលា​បណ្តាញ (ជាពិសេស ភាសា​អង់គ្លេស វិទ្យាសាស្ត្រ ICT សមត្ថភាព​អនុវត្ត​កម្មវិធី​សិក្សាគោល​ថ្មី និង​សមត្ថភាព​សិក្សា​ស្រាវជ្រាវ​​បន្ថែម ឬ​ ស្វ័យវិក្រឹតការ។
  • ពង្រឹង​សមត្ថភាព​វាយតម្លៃ​សមិទ្ធផល​សិក្សា​របស់សិស្ស​ដោយសាលារៀន សមត្ថភាព​​ស្វ័យ​វាយតម្លៃ​សាលារៀន ដើម្បី​ប្រែក្លាយ​សាលារៀន​ឲ្យ​ទៅជា​មណ្ឌល​​ឧត្តមភាព​នៃ​ការបង្រៀន​-រៀន ការប្រតិបត្តិអប់រំ​ជាគំរូនៃ​លទ្ធផល​សិក្សា គោលការណ៍​សាលារៀន​មាន​ប្រសិទ្ធភាព និង​សាលា​កុមារមេត្រី អាច​ផ្សព្វផ្សាយ​​បន្ត​ទៅ​សាលា​រៀនដទៃទៀត។
  • ពង្រឹង​ការអនុវត្ត​ក្រម​សីលធម៌វិជ្ជាជីវៈ​គ្រូបង្រៀន​ សំដៅ​ឲ្យ​គ្រូបង្រៀន​ទាំងអស់​ មាន​ឥរិយាបថ អាកប្បកិរិយាវិជ្ជមាន មាន​មនសិការវិជ្ជាជីវៈ​ខ្ពស់​ មាន​សីលធម៌​ល្អ សក្តិ​សម​​​​ជា​មាតា​ទីពីរ​ពិតប្រាកដ​របស់​សិស្ស ហើយ​ទទួល​បាន​នូវ​ការគោរព​ស្រឡាញ់​ពី​មជ្ឈដ្ឋាន​សហគមន៍ មាតាបិតា ឬ​អ្នកអាណា​ព្យាបាល​សិស្ស និង​សិស្សា​នុសិស្ស។
  • បង្ក​លក្ខណៈ​ឲ្យ​សិស្ស​បាន​បន្ត​ការសិក្សា​ប្រកបដោយ​សមធម៌ តាមរយៈ​ការ​ផ្តល់​អាហា​រូប​​ករណ៍​ដល់សិស្ស​ក្រីក្រ និងសិស្ស​ក្រីក្រដែល​រៀនពូកែ ជាពិសេស ត្រូវ​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​សិស្ស​កំព្រា​ សិស្ស​ពិការ សិស្ស​ជនជាតិដើម​ភាគតិច សិស្ស​នារី សិស្ស​​ស្ថិត​ក្នុង​គ្រួសារ​មាន​វិបត្តិ។
  • ពង្រឹង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ និងគ្រប់គ្រង​រាល់​សកម្មភាព​ក្នុង​និង​ក្រៅ​សាលា​រៀន​របស់​សិស្ស​​ពី​សំណាក់​សហគមន៍ មាតាបិតា ឬ អ្នកអាណាព្យាបាល​សិស្ស សំដៅ​អនុវត្ត​ការងារ​មានតម្លាភាព និង សុពលភាព។
  • ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ អង្គការ​ក្រៅរដ្ឋាភិបាល ស្ថាប័ន​នានា​ និង​សហគមន៍​ ក្នុង​គោលបំណង​ធានា​និរន្តរភាព​របស់ "ស.ម.​ធ​" និង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នូវការសិក្សា ការបង្រៀន និង​ការស្រាវជ្រាវ។
  • ផ្តល់ឱកាស​ឲ្យ​សហគមន៍​ចូលរួម សហការ ទទួលខុសត្រូវ និងគ្រប់គ្រង​ប្រើប្រាស់​ថវិកា កសាង​ផែនការ​អភិវឌ្ឍន៍សាលារៀន ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍​សាលារៀន និង​​ការអនុវត្ត​យុទ្ធសាស្ត្រ​វិស័យ​អប់រំ។
 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម ៖

icon ខិត្តប័ណ្ណ​ព័ត៌មាន​អំពី​អគារ​សិក្សា​ធនធាន (281.71 kB)