|
នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងបន្តសម្រាប់ឆ្នាំ ២០១៣-២០១៥ រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្ដម អ៊ឹម សិទ្ធីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងលោក ស៊ីឡាស អេវឺរ៉េត (Mr. Silas Everett) តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងបន្តសម្រាប់ឆ្នាំ ២០១៣-២០១៥ ខាងលើនេះ អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា មានគម្រោងផ្ដល់សៀវភៅភាសាអង់គ្លេសចំនួន ១៥០ ០០០ ក្បាល ដែលមានទឹកប្រាក់ចំនួន ៩ ៧៧៧ ៤៧៦ ដុល្លារអាមេរិក ក្នុងគោលបំណងរួមចំណែកការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្តសកម្មភាពមួយចំនួនដូចខាងក្រោម៖
១- សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា លើកម្មវិធី “ ជំរុញការអានសៀវភៅ” នៅតាម សាលារៀនដោយជ្រើសរើសវិទ្យាល័យចំនួន០៣នៅរាជធានីភ្នំពេញ
២- សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការអភិវឌ្ឍអប់រំនៅមធ្យមសិក្សាចំណេះទូទៅ Final Consultative Workshop for Secondary School Library
៣- សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សាដើម្បីអភិវឌ្ឍន៍បណ្ណាល័យនៅតាមសាលាមធ្យមសិក្សាបច្ចេកទេស និងបណ្ណាល័យឈានមុខ ( Referral Secondary School Library)
៤- ផ្ដល់សៀវភៅភាសាអង់គ្លេសសម្រាប់ថ្នាក់ទី ៤-៦ ដោយឡែកពីចំនួនខាងលើ ៥០០០ ក្បាលបន្ថែមទៀត ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ០៣ ឆ្នាំ។
រយៈកាលកន្លងមក អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានជួយបណ្ដុះបណ្ដាលបណ្ណារក្សរយៈពេលមួយសប្ដាហ៍នៅតាមវិទ្យាល័យប្រហែលចំនួន ២០០ នាក់ជាពិសេសបានសាកល្បងអនុវត្តកម្មវិធី Book for Life ទៅលើសាលាគោលដៅចំនួន ១២ សាលា និងបញ្ជូនមន្ត្រីគ្រប់គ្រងបណ្ណាល័យសាលារៀន ០១ រូបទៅធ្វើទស្សនកិច្ចរយៈពេលមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក។
|