free counters
ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុង មហាសន្និបាត​លើក​ទី៣៦​របស់​អង្គការ​យូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី ២៥ ខែ តុលា ដល់ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១១

 

អង្គមហាសន្និបាតអង្គបានលើកយករបៀបវារៈដែលបានគ្រោងទុកមកពិភាក្សា និងអនុម័ត ស្របតាមកម្មវិធី និងកាលបរិច្ឆេទ រួមមាន របាយការណ៍របស់យូណេស្កូ ដែលក្នុងនោះលោកជំទាវ   អគ្គនាយិកាអង្គការយូណេស្កូបានលើក ឡើងពីកម្មវិធីសាកល្បងរបស់យូណេស្កូនៅខេត្ដរតនគីរីដែលបានធ្វើឱ្យរស់ឡើងវិញនូវបច្ចេកទេសតម្បាញបែបប្រពៃណី ដែលបានបំភ្លេចចោលពីសហគមន៍     ជនជាតិភាគតិចក្នុងសម័យខ្មែរក្រហម ដោយធានាឱ្យមានល័ក្ខខ័ណ្ឌរស់នៅល្អប្រសើ តាមរយៈមុខរបរថ្មី។ លើសពីនេះ មហាសន្និបាតបានប្រកាសទទួលស្គាល់ប្រទេសស៊ូដង់ខាងត្បូង ចូលជាសមាជិក    ទី ១៩៤ ចាប់ពីឆ្នាំ ២០១១នេះតទៅ។

 

១. វេទិកាថ្នាក់ដឹកនាំអប់រំ

ក្នុងពិធីបើកវេទិកាថ្នាក់ដឹកនាំអប់រំ លោកជំទាវអគ្គនាយិកាអង្គការយូណេស្កូ បានគូសបញ្ជាក់ពីចំណុចដែលគួរ យកចិត្ដទុកដាក់លើវប្បធម៌សន្ដិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព សម្រាប់ជាបុព្វបទបើកវេទិកា។
ក្នុងកិច្ចពិភាក្សាវេទិកាថ្នាក់ដឹកនាំនេះដែរ  ឯកឧត្ដម អ៊ឹម សិទ្ធី ប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្ដីថ្លែងការណ៍ជូនអង្គសន្និសីទពីការរីកចំរើននៃវិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលផ្ដើម ចេញីបាតដៃទទេ ដោយបានលើកឡើងពីការបាត់បង់ជួរគ្រូបង្រៀនអស់៨០ភាគរយក្នុងសម័យខ្មែរក្រហម។ ឯកឧត្ដម ក៏បានលើកបញ្ជាក់ពីការជ្រើសរើសគ្រូបង្រៀនចំនួន ៥០០០ នាក់ជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងចំនួនសិស្ស ៣.៥០០.០០០ នាក់ ដែលស្មើនឹង១ភាគបួន នៃចំនួនប្រជាជនកម្ពុជាសរុប។ ការអប់រំ គឺ ជាចណុចគន្លឹះ ដើម្បីអភិវឌ្ឍ ប្រទេសស្របតាម        ចតុស្ដម្ភអប់រំ ៖

- អប់រំដើម្បីឱ្យមានចំណេះដឹង
- អប់រំដើម្បីឱ្យមានចំណេះធ្វើ
- អប់រំដើម្បីឱ្យក្លាយជាពលរដ្ឋល្អ
- អប់រំដើម្បីរួមរស់ជាមួយគ្នាដោយសន្ដិភាព និងសុខដុម។

ក្រៅពីនេះ ឯកឧត្ដមប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនវេទិកាថ្នាក់ដឹកនាំអប់រំ ដែលកម្ពុជាបានទទួរងគ្រោះទឹកជំនន់ដែលបណ្ដាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនា       សម័ន្ធក្នុងនោះសាលារៀនជាង ១០០០ កន្លែងត្រូវបានអូសបន្លាយការចូលរៀនរបស់សិស្សានុសិស្ស។

 

២. ការជួបប្រជុំរដ្ឋមន្ដ្រី២០ប្រទេស

 

នាព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១១ មានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីចំនួន ២០ប្រទេស ដែលបានអនុវត្ដ គម្រោងអភិវឌ្ឍសមត្ថភាពការអប់រំសម្រាប់ទាំងអស់គ្នា (CapEFA) ជាមួយដៃគូអភិវឌ្ឍចំនួន ៦ រួមមាន ប្រទេសហូឡង់ អ៊ីតាលី ណរ័វេស៍ ហ្វាំងឡង់ ស៊ុយអែត និង ស្វីស ដោយផ្ដោតលើ៤ចំណុចដូចខាងក្រោមៈ

១. ការងារអក្ខរកម្ម និងអប់រំក្រៅប្រព័ន្ឋ
២. បញ្ហាគ្រូបង្រៀន
៣. ជំនាញវិជ្ជាជីវៈសម្រាប់យុវជន
៤. ការងារកសាងគោលនយោបាយ និងផែនការ

ក្នុងកិច្ចពិភាក្សា ឯកឧត្ដម អ៊ឹម សិទ្ធី ប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់
អំពីកម្ពុជាត្រូវបានជ្រើសរើសចូលក្នុងបណ្ដាប្រទេសអាទិភាពទាំង២០កាលពីចុងខែឧសភា ឆ្នាំ ២០១១ ដោយផ្ដោតជា សំខាន់លើការពង្រឹងផែនការអប់រំក្រៅប្រព័ន្ឋទូលំទូលាយ។ គម្រោងនេះ មានផែនការអនុវត្ដរយៈពេលបីឆ្នាំ ២០១១- ២០១៣ ដើម្បីកសាងផែនការសកម្មភាព សម្រាប់រៀបចំផែនទីបង្ហាញផ្លូវ ការវាយតំលៃសមត្ថភាពថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ដោយផ្ដោតលើការកសាងបណ្ដាញអក្ខកម្ម និងអប់រំក្រៅប្រព័ន្ឋ ការកសាងផែនការពនឿនអក្ខកម្ម ការពង្រឹងប្រព័ន្ឋព័ត៌មានគ្រប់គ្រងអប់រំក្រៅ     ប្រព័ន្ឋ និងការប្រមូល និងផ្សព្វផ្សាយបទពិសោធន៍ល្អរបស់មជ្ឈមណ្ឌល សិក្សាសហគមន៍។ ប្រការនេះយូណេស្កូបានសហការយ៉ាងជិតសិទ្ឋជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើក កម្ពស់សមត្ថភាពមន្ដ្រីអប់រំក្រៅប្រព័ន្ឋគ្រប់លំដាប់ថ្នាក់។

 

៣. សេចក្ដីថ្លែងការណ៍របស់តំណាងប្រតិភូប្រទេសសមាជិក

នាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១១   ឯកឧត្ដម  អ៊ឹម សិទ្ធី    ប្រធានគណៈប្រតិភូក្រសួងអប់រំ    យុវជន និងកីឡាបានអញ្ជើញឡើងថ្លែងការណ៍ក្នុងអង្គមហាសន្និបាតដោយធ្វើការគូបញ្ជាក់អំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតី     តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី លើការរក្សាបានសុខសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយក្ដីមោទនៈ។   ឯកឧត្ដមក៏បាន សង្កត់ធ្ងន់លើចំណុចមួយចំនួនដូចខាងក្រោម ៖

-វិស័យអប់រំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ អត្រាពិតនៃការសិក្សារបស់សិស្សនៅបឋមសិក្សាមាន៩៥ ភាគរយ។ សិស្សសរុបគ្រប់ភូមិសិក្សាមាន ៣,៥ លាននាក់ ស្មើ ១ ភាគបួន នៃប្រជាជនសរុប។ រាជរដ្ឋាភិបាលបាន ជ្រើសរើសគ្រូបង្រៀន៥០០០នាក់រៀងរាល់ឆ្នាំដើម្បីឆ្លើយតបទៅនឹងសំណូមពររៀនសូត្ររបស់កូនចៅប្រជាជន។ ប្រការនេះ បញ្ជាក់ពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ទោះបីជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ដូចជា ទឺកជំនន់ វិបត្ដិសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

-បញ្ហជំងឺអេដស៍ មេរោគអេដស៍ ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ពីវឌ្ឍនភាពដែលសម្រេចបាន តាមគោលដៅអភិវឌ្ឍសហស្សវត្សរ៍ទី៦នាឆ្នាំ២០១០។

-វិស័យវប្បធម៌ កម្ពុជាមានកិច្ចសហប្រតិបត្ដិការល្អជាមួយូណេស្កូដើម្បីអភិរក្ស និងអភិវឌ្ឍន៍បេតិកភ័ណ្ឌ របស់ខ្លួនប្រកបដោយនិរន្ដរភាព។

-វិស័យសារគមនាគមន៍ កម្ពុជាបានបើកទូលាយសេរីភាពសារព័ត៌មាន និងបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន។

ជាមួយគ្នានេះដែរ នាថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១១ អង្គមហាសន្និបាតអង្គការយូណេស្កូលើកទី ៣៦ បានបោះឆ្នោតគាំទ្ររដ្ឋប៉ាឡេស្ទីនចូលជាសមាជិករបស់អង្គការយូណេស្កូដោយទទួលបានសំឡេងគាំទ្រ ចំនួន ១០៧ សំឡេងមិនគាំទ្រចំនួន ១៤ និងអនុប្បវាទចំនួន ៥២ សំឡេង។ អង្គមហា   សន្និបាតបានស្ដាប់របាយការណ៍របស់វេទិកា យុវជនដែលបានធ្វើឡើងកាលពីថ្ងៃទី ១៧-២០ ខែ តុលា ឆ្នាំ ២០១១ និងបានស្ដាប់របាយការណ៍បូកសរុប សេចក្ដីថ្លែងការណេ៍ឆ្លីយតបប្រទេសចំនួន ១៧៩ របស់លោកជំទាវអគ្គនាយកអង្គការយូណេស្កូ ដែលបានគូសបញ្ជាក់ អំពីការប្ដេជាចិត្ដ និងការចូលរួមរបស់ប្រទេសសមាជិកក្នុងការលើកកំពស់កិច្ចសហប្រតិបត្ដិការល្អ ដើម្បីសម្រេចបាន ជោគជ័យលើគ្រប់សកម្មភាពរបស់អង្គការយូណេស្កូ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ការ អភិរក្សសម្បត្ដិវប្បធម៌ បេតិកភ័ណ្ឌពិភពលោក ការយកឧស្សាហកម្មវប្បធម៌ដើម្បីអភិវឌ្ឍប្រទេស  ពិសេសកម្ពុជា និងប្រទេសមួយចំនួនទៀត ការគោរព និងលើកកំពស់សិទ្ឋិមនុស្ស សមភាពយ៉េនឌ័រ វប្បធម៌សន្ដិភាព ភាសា និង ការផ្ដល់ឱកាសឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយសមធម៌ និងគុណភាពទាំងនៅក្នុង និងក្រៅប្រព័ន្ឋ ការអប់រំឧត្ដមសិក្សាការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ការអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជា្ជជិវៈ ដើម្បីឈានទៅ សម្រេចបានការអប់រំទាំងអស់គ្នានាឆ្នាំ ២០១៥ និងការអភិវឌ្ឍសហស្សវត្ស។ លោកជំទាវអគ្គនាយកអង្គការយូណេស្កូ បានកោតសរសើរប្រទេសកម្ពុជា និងប៉ូឡូញ ដែលបានគាំទ្រអង្គការយូណេស្កូក្នុងការរៀបចំខួបទី២០នៃការរំលឹក “Memoire du Monde” នាឆ្នាំក្រោយ។
 
៤. កិច្ចប្រជុំគណៈកម្មការអប់រំ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាព័ត៌មាន

នាថ្ងៃទី ១-៣ ខែ វិច្ឆិកា ឆ្នាំ ២០១១ ការប្រជុំគណៈកម្មការអប់រំ បានយកចិត្ដទុកដាក់លើកាអប់រំសម្រាប់ ទាំងអស់គ្នាក្រោយឆ្នាំ២០១៥ ដោយប្រមូលផ្ដុំលើគោលវិធីគ្រប់ជ្រុងជ្រោយ រួមមាន ៖

- ការអប់រំមូលដ្ឋាន ៖ គុណភាព និងការអភិវឌ្ឍន៍កុមារតូច
- ការអប់រំឧត្ដសិក្សា ៖ គុណភាព និងការផ្ដល់ហិរញ្ញវត្ថុ
- ការអប់រំប្រកបដោយនិរន្ដរភាព ៖ ការប្រែប្រួលអាកាសធាតុជាចំណុចយកចិត្ដទុកដាក់
- ការអប់រំដើម្បីសិទ្ឋិ និងតម្លៃ ៖ សន្ដិភាព អហិង្សា និង សិទ្ឋិពលរដ្ឋ
- មេរោគអេដស៍-ជំងឺអេដស៍ ៖ ការការពារ និងផលប៉ះពាល់ក្នុងវិស័យ។

ចំពោះកិច្ចប្រជុំគណៈកម្មការអប់រំ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាព័ត៌មាន អង្គប្រជុំបានស្ដាប់របាយការណ៍ សកម្មភាពរបស់អង្គការយូណេស្កូសម្រាប់ការអនុវត្ដនៃកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីលទ្ឋផលសង្គមព័ត៌មាន (Infor- mation Society) និងវិធានការអនាគតសម្រាប់ឈានទៅសម្រេចគោលដៅឆ្នាំ ២០១៥។ ការសម្រេចលើសេចក្ដី- ព្រាងកម្មវិធីប្រតិបត្ដិ និងថវិកាសម្រាប់ឆ្នាំ ២០១២-២០១៣  ការបង្កើតវិទ្យាស្ថាន និងមជ្ឈមណ្ឌល Category ចំនួន 2 ដែលស្ថិតនៅក្រោមអង្គការយូណេស្កូ ដើម្បីបម្រើដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មានអប់រំនៅក្នុង តំបន់ និងពិភពលោក។ ការលើកំពស់ការប្រើប្រាស់ ពហុភាសា បណ្ណាល័យ បច្ចេក វិទ្យាព័ត៌មាន និង ក្រមសីលធម៌ សង្គមព័ត៌មាន។

 

សេចក្ដីសន្និដ្ឋាន ៖

មហាសន្និបាតអង្គការយូណេស្កូលើកទី ៣៦នេះ បានផ្ដល់ចក្ខុវិស័យ និងយុទ្ឋសាស្ដ្រសម្រាប់   រយៈពេលខាងមុខ ដើម្បីសម្រេចគោលដៅអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅអភិវឌ្ឍសហស្សវត្សនាឆ្នាំ ២០១៥ និងមាគ៌ាឆ្ពោះទៅ ដំណាក់កាលថ្មីក្រោយឆ្នាំ ២០១៥។ កម្ពុជាអាចឆ្លុះបញ្ចាំងបានពីវឌ្ឍនៈភាព ការប្រឈម និងវិធានការអនុវត្ដជាបន្ដ ឆ្លើយទៅនឹងបរិបទសកលលោក និងជំហានរីកចម្រើនរបស់ខ្លួនស្របតាមយុទ្ឋសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុង ស្មារតីសុទិដ្ឋិនិយម។