មតិ​សំណេះសំណាល ណែនាំ និង​ផ្ដាំ​ផ្ញើ​របស់ ឯកឧត្ដម អ៊ឹម សិទ្ធី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​បង្រៀន​​និង​រៀន​វិទ្យាសាស្ត្រ​ដល់​វិទ្យាល័យ​ទូទាំង​ប្រទេស

 










មតិសំណេះសំណាល ណែនាំ និងផ្ដាំផ្ញើរបស់
ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ក្នុងពិធីប្រគល់សម្ភារបរិក្ខារបង្រៀននិងរៀនវិទ្យាសាស្ត្រដល់វិទ្យាល័យទូទាំងប្រទេស
ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១២
វិទ្យាស្ថានជាតិអប់រំ

 

សូមគោរព
ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្ដម Putu Kamar yana នាយក ស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា
លោក-លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ដែល​មាន​វត្តមាន​ក្នុង​ពិធីប្រគល់​សម្ភារបរិក្ខារ​បង្រៀន​និង​រៀន​វិទ្យាសាស្ត្រ​ដល់​វិទ្យាល័យ​ទូទាំងប្រទេស​ដ៏​អធឹកអធម​នេះ​​ ។

ជា​បឋម​ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន​​និង​កីឡា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការ​រីករាយ​ជា​ ពន្លឹក ដែល​បាន​ចូលរួម​ជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ក្មួយ​ៗ​សិស្សានុសិស្ស​​ទាំងអស់​​ក្នុង​ពិធី​ប្រគល់​សម្ភារ​បរិក្ខារ​បង្រៀន​​​និង​រៀន​វិទ្យាសាស្ត្រ​ជូន​ដល់​វិទ្យាល័យ​ទូទាំង​ប្រទេស ​ក្នុង​ក្រប​ខណ្ឌ​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ ឬ​ហៅថា​ (EEQP: Enhancing Education Quality Project) ។

គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ EEQP ជា​ប្រភេទ​ហិរញ្ញប្បទាន​ឥត​សំណង​ ផ្ដល់​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ។ ឆ្លៀត​ក្នុង​ឧកាស​ដ៏​ថ្លៃថ្លា​នេះ​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ដែល​បាន​ផ្ដល់​​ហិរញ្ញប្បទាន​ឥត​សំណង​​ ដ៏​សប្បុរសធម៌​នេះ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​ការងារ​អប់រំ​នៅ​ប្រទេស​កម្ពុជា ។​ ជា​ពិសេស​ទៅ​ទៀត វត្តមាន​ឯកឧត្ដម​ Putu Kamar Yana នាយក​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​ចូល​រួម​ជា​កិត្តិយស​ក្នុង​ពេល​នេះ គឺ​ពិត​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អប់រំ​របស់​យើង​ខ្ញុំ​ខ្លាំង​ណាស់​​ADB បាន​គាំទ្រ​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ (EEQP) តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ២៧.១ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក  ដោយ​មាន​មូល​អប្បដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន ៦.២៨ លាន​ដុល្លារ​ សហរដ្ឋ​អាមេរិក​សម្រាប់​អនុវត្ត​រយៈពេល​ ៦ ឆ្នាំខ្ញុំ​សូម​ជម្រាប​ជូន​ថា ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង EEQP នេះ​ ពិត​ជា​មាន​សារៈសំខាន់​និង​ចាំបាច់​ណាស់ ហើយ​ឆ្លើយ​តប​នឹង​គោល​នយោបាយ​របស់​ក្រសួង ដែល​បាន​លើក​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០០៩-២០១៣ ពោល​គឺ គោលនយោបាយ​ទី ២ ស្ដីពី «ការ​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​សេវា​អប់រំ»។

ពេល​និយាយ​ដល់​គុណភាព​និង​ប្រសិទ្ធភាព​អប់រំ ចាំបាច់​​ត្រូវ​ពិនិត្យ​មើល​អំពី​ធនធាន​ដាក់​បញ្ចូល​ទៅ​ក្នុង​វិស័យ​​អប់រំ​ដូចជា​៖ ចំណែក​ថវិកា​អប់រំ - ចំនួន​គ្រូបង្រៀន - ចំនួន​អាគារ​សិក្សា - សង្ហារិម - សៀវភៅ​សិក្សា - កម្មវិធីសិក្សា - ម៉ោង​សិក្សា និង​សម្ភារ​បរិក្ខារ​បម្រើ​​ឲ្យ​ការ​បង្រៀន​និង​រៀន ជាដើម ។​ ហេតុនេះ​ហើយ ទើប​គម្រោង​ EEQP រៀបចំឡើង ដោយ​ផ្ដោត​អាទិភាព​លើ​ការ​ផ្ដល់​សម្ភារ​បរិក្ខារ​បង្រៀន​និង​រៀន​វិទ្យាសាស្ត្រ​ ជូន​ដល់​វិទ្យាល័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ។
ផ្អែក​តាម​តួ​លេខ​ស្ថិតិ ឆ្នាំ​ ២០០៩-២០១០ វិទ្យាល័យ​សរុប​មាន​ចំនួន ៣៨៣ -  (អាគារ​ធនធាន ១៨ គម្រោង​ ESDP 2)- អាគារ​ធនធាន ១៨ EEQP = ៣៤៧) ។​ ដូច្នេះ វិទ្យាល័យ​ចំនួន ៣៤៧ នឹង​ទទួល​បាន​សម្ភារ​បរិក្ខារ​បង្រៀន​​និង​រៀន​វិទ្យាសាស្ត្រ​ពី​គម្រោង​លើក​កម្ពស់​គុណភាព​អប់រំ​ (EEQP)  ។


ការ​ផ្តល់​សម្ភារ​បរិក្ខារ​បង្រៀន​និង​រៀន​វិទ្យាសាស្ត្រ​ដល់​វិទ្យាល័យ​នេះ ​ពិត​ជា​អាច​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​សិស្ស​បាន​​ល្អ​ប្រសើរ​ជាង​មុន ។​ លោកគ្រូ អ្នកគ្រូ​អាច​បង្ហាញ​សម្ភារ​បរិក្ខារ​បង្រៀន​​និង​រៀន​វិទ្យាសាស្ត្រ​ដល់​សិស្សានុសិស្ស​ និង​ណែនាំ​ប្រើប្រាស់​​បាន​ ដោយ​ងាយ​ស្រួល​និង​ឆាប់​យល់​ ។​

ខ្ញុំ​បាន​ទទួល​របាយការណ៍​ថា ក្នុង​ក្រប​ខណ្ឌ​គម្រោង EEQP នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ ​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​អប់រំ ចុះ​បើក​វគ្គ​បំប៉ន​នៅ​នឹង​កន្លែង​ដល់​គ្រូ​ទទួល​បន្ទុក​បន្ទប់​ពិសោធន៍​ និង​ប្រធាន​ក្រុម​បច្ចេកទេស​វិទ្យាសាស្ត្រ​​នៅ​តាម​វិទ្យាល័យ​ធនធាន​ចំនួន ១៨ ដែល​សាងសង់​ដោយ​គម្រោង ESDPII រួច​ហើយ​ និង​គ្រោង​បន្ត​ការ​បំប៉ន​នេះ​ដល់​វិទ្យាល័យ​ធនធាន​ថ្មី​ចំនួន ៨ ទៀត ដែល​សាង​សង់​ដោយ​គម្រោង EEQP ក្រោយ​ពេល​ការ​បំពាក់​សម្ភារ​បរិក្ខារ​ពិសោធន៍​រួច​រាល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។


ជា​មួយ​នោះ​ដែរ​ក្នុង​ក្រប​ខណ្ឌ​គម្រោង EEQP ដែរ​នាយកដ្ឋាន​បណ្ដុះបណ្ដាល​សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ផលិត​បាន​ Video Clip ណែនាំ​អំពី​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​បាន​ ២០ ទៅ ៣០ Clip រួចហើយ ដោយ​រៀបចំ​ជា​ DVD ដើម្បី​ផ្សព្វផ្សាយ​ដល់​សាលារៀន ។ នេះ​ជា​មធ្យោបាយ​ផ្ទេរ​ចំណេះ​ដឹង​មួយ​ដ៏​ល្អ និង​ងាយស្រួល​មួយ​ ដែល​មិន​មាន​ការ​បញ្ជូន​គ្រូ​ឧទ្ទេស​ពី​ក្រសួង​ទៅ​តាម​រាជធានី ខេត្ត និង​មិន​មាន​ការ​បញ្ជូន​សិក្ខាកាម​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដែល​នាំ​ឲ្យ​ចំណាយ​ថវិកា​ច្រើន​​។​យើង​អាច​ប្រមូល​ផ្ដុំ​គ្រូ​ នៅ​តាម​វិទ្យាល័យ​ធនធាន​ដែល​មាន​សាល​ប្រជុំ​បំពាក់​ទូរទស្សន៍ និង​ម៉ាស៊ីន​ចាក់ DVD ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ចំណេះដឹង​ផ្សេង​ៗ​។


ជា​ចុង​ក្រោយ​ខ្ញុំ​សូម​កោត​សរសើរ​ដល់​ក្រុម​ការងារ និង​ថ្នាក់​ដឹកនាំ​គម្រោង EEQP ដែល​កន្លង​មក​បាន​ខិតខំ​បំពេញ​ការងារ ហើយ​សម្រេច​បាន​លទ្ធផល​ល្អ តាម​ការ​រំពឹង​ទុក​របស់​គម្រោង ខ្ញុំ​សូម​ស្នើ​លោក លោកស្រី​ប្រធាន​មន្ទីរ​អប់រំ ជួយ​ពិនិត្យ​តាម​ដាន និង​ណែនាំ​អំពី​ការ​ប្រើប្រាស់​សម្ភារ​បរិក្ខារ​ ដែល​ទទួល​បាន​នេះ ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ។ ជាពិសេស លោកនាយក នាយិកា​វិទ្យាល័យ​ ដែល​បាន​ទទួល​សម្ភារ​បរិក្ខារ​បង្រៀន​​និង​រៀន​វិទ្យាសាស្ត្រ​រួច​ហើយ ត្រូវ​ចាត់តាំង​អ្នក​គ្រប់គ្រង ថែរក្សា ថែទាំ ឱ្យ​បាន​ល្អ​ និង​ណែនាំ​ឱ្យ​គ្រូ​ប្រើប្រាស់​សម្ភារ​បរិក្ខារ​ទាំងនេះ​ឱ្យ​អស់​លទ្ធភាព ។


នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ វិទ្យាស្ថាន​ជាតិ​អប់រំ ពិសេស​មន្ត្រី EEQP ត្រូវ​ចុះ​ពិនិត្យ​តាម​ដាន​សកម្មភាព​តាម​វិទ្យាល័យ និង​តាម​អគារ​ធនធាន ដើម្បី​ជួយ​បំពេញ​បន្ថែម​ត្រង់​ចំណុច​ណា ដែល​លោកគ្រូ​ អ្នកគ្រូ​នៅ​ទីនោះ​មិន​ទាន់​អនុវត្ត​បាន ។ ត្រូវ​ជំរុញ​ដំណេរ​ការ​ផ្សព្វផ្សាយ​ Video Clip ស្ដីពី​ការ​ណែនាំ​ពិសោធន៍​វិទ្យាសាស្ត្រ​ដល់​គ្រប់​ គ្រឹះស្ថាន​មធ្យម​សិក្សា​ទូទាំង​ប្រទេស និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ។


ជា​ទី​បញ្ចប់​ខ្ញុំ​សូម​ជូន​ពុទ្ធពរ​ទាំង​បួន​ប្រការ​ អាយុ វណ្ណៈ សុខ ពល កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

សូម​អរគុណ