| ពិធីចុះហត្ថលេខា ស្តីពីផែនការប្រចាំឆ្នាំ២០១២ រវាង ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសែហ្វប្រចាំនៅព្រះរាជាណាចក្រកម្ពុជា |
|
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំពិធីចុះហត្ថលេខារវាងក្រសួងអប់រំ យុវជន និងកីឡាដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសែហ្វប្រចាំនៅកម្ពុជាដោយលោកស្រី ស៊ុន អាគីមស៊ូ (Sun Ah Kim Suh) តំណាងអង្គការយូនីសែហ្វប្រចាំនៅកម្ពុជា ។
១-ការចុះហត្ថលេខាលើគម្រោងអនុវត្តផែនការការងារប្រចាំឆ្នាំ២០១២ ដែលមានទឹកប្រាក់ចំនួន ៣.១៤៤.១៨៦ ដុល្លាសហរដ្ឋអាមេរិក (បីលានមួយសែនបួនម៉ឺនបួនពាន់មួយរយប៉ែតសិបប្រាំមួយដុល្លាសហរដ្ឋអាមេរិក) ដែលជាថវិកាជំនួយឥតសំណងសម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា ។ គម្រោងផែនការការងារប្រចាំឆ្នាំ២០១២នេះ គឺមានគោលបំណងសំខាន់សម្រាប់ជួយដល់ការងារអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើ ៖ -ពង្រឹងដំណើរការពិគ្រោះយោបល់គោលនយោបាយ និងការសម្របសម្រួល ដើម្បីលើកកម្ពស់សមធម៌ក្នុងវិស័យអប់រំ ដូចជា៖ ការអភិវឌ្ឍគោលនយោបាយនិងផែនការអប់រំ ការប្រមូលនិងផ្សព្វផ្សាយព័ត៌មាន និងយុទ្ធនាការប្រមូលកុមារចូលរៀន។ -ពង្រឹងការងារអប់រំកុមារតូច ៖ ការអនុវត្តគោលនយោបាយ ការពង្រឹងនិងពង្រីកគុណភាពអប់រំកុមារតូច និងការចូលរៀនមត្តេយ្យសិក្សាសហគមន៏និងតាមខ្នងផ្ទះ។ -ការអប់រំនៅបឋមសិក្សា ៖ ការអប់រំបញ្ចូលគ្នា កម្មវិធីពន្លឿនការសិក្សា សាលាកុមារមេត្រី ការអប់រំពីរភាសា ការអភិវឌ្ឍកម្មវិធីសិក្សា ការគាំទ្រដល់ក្រុមបំប៉ន និងការពិនិត្យតាមដានថ្នាក់ក្រុង-ស្រុក-ខណ្ឌ។
|


