| ពិធីសម្ភោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលថ្មីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ |
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១២ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អគាររដ្ឋបាលមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់១ខ្នង២ជាន់ស្មើនឹង១២បន្ទប់ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ខូយ សុខា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម លោកជំទាវ មន្ត្រីអប់រំគ្រប់ លំដាប់ថ្នាក់ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុប ទាំងអស់ ១ ៤៥៧នាក់។
តាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ អគាររដ្ឋបាលអប់រំ យុវជន និងកីឡាចាស់ មានលក្ខណៈតូចចង្អៀត ប្រេះស្រាំ ធ្លុះធ្លាយដំបូលដែលមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចប្រើប្រាស់ បាន ទើបក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអោយមន្ទីរអប់រំ យុវជន និងកីឡា សាងសង់អគាររដ្ឋបាលអប់រំថ្មី ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីដែលបម្រើការនៅទីនេះ។ អគារថ្មីនេះ បានសាងសង់ អស់រយៈពេលជិត ៣ឆ្នាំ ដោយចំណាយអស់ ៤ ៤៤៩ ០៦១ ៣០៧រៀល (បួនពាន់ បួនរយសែសិប ប្រាំបួន លានសូន្យរយហុកសិបមួយពាន់ បីរយប្រាំពីររៀល) ដែលជាឥណទានប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
បន្ទាប់ពីឯកឧត្ដម ខូយ សុខា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានអានសន្ទរកថាស្វាគមន៍ដោយគូស បញ្ជាក់ពីស្ថានភាពអភិវឌ្ឍន៍នៅខេត្តពោធិ៍សាត់រួចមក ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធី ដោយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសដ៏ឆ្នើមបានកំណត់នូវគោលនយោបាយអាទិភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរួមមាន ៖ ទឹក ភ្លើង ផ្លូវ និងមនុស្ស។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវ ទាំងក្នុងអតីតកាល បច្ចុប្បន្ន ក៏ ដូចជាអនាគតកាលសម្រាប់ការកសាងកម្ពុជាឆ្ពោះទៅរកការរីកចម្រើន។
ដោយឡែកការអប់រំ ជាវិស័យ អាទិភាព មួយក្នុងចំណោមវិស័យអាទិភាពធំៗទាំង ៤ ខាងលើរបស់រាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពប្រជែងឈ្នះនៅគ្រប់កាលៈទេសៈ និងគ្រប់សមរភូមិដើម្បីបម្រើឱ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាក់ស្ដែងរាជរដ្ឋាភិបាលអាណត្តិ ទី ៤ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ២ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០០៩-២០១៣ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរុងរឿង។ ដើម្បីឆ្លើយតបបានទៅនឹងយុទ្ធសាស្ត្រខាងលើ ក្រសួងអប់រំបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រវិស័យអប់រំសម្រាប់ឆ្នាំ ២០០៩-២០១៣ ដោយផ្ដោតលើគោលនយោបាយគន្លឹះសំខាន់ៗ រួមមាន៖ -ការធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ -ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ -ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ។ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសាងសង់អគារសិក្សានៅគ្រប់ច្រកល្ហកទូទាំងប្រទេស ក្នុងគោលបំណងបង្ខិតសាលារៀនឱ្យចូលទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចនាយករដ្ឋមន្ត្រី។ |



