ទំព័ររដ្ឋមន្រ្ដី

Joomla Templates and Joomla Extensions by ZooTemplate.Com
ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​សាលារៀន​បណ្ដែត​ទឹក នៅ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង
alt

នា​ឱកាស​នៃ​ការ​ចុះ​បំពេញ​ការងារ​លើ​ការ​ពង្រឹង​វិស័យ​អប់រំ នៅ​ខេត្ត​កំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០១២នេះ ឯកឧត្ដម អ៊ឹម សិទ្ធី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រតិភូ​អម​ដំណើរ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​សាលារៀន​បណ្ដែត​ទឹក​ស្ថិត​នៅ​តាម​បឹង​ទន្លេសាប​ចំនួន​ពីរ គឺ​សាលា​បឋមសិក្សា​យុគន្ធរ​ ស្ថិត​នៅ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង និង​សាលា​បឋមសិក្សា​សេះ​ស្លាប់ ស្ថិត​នៅ​ឃុំ​សេះ​ស្លាប់​ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ព្រម​ទាំង​ជួប​សំណេះសំណាល​ជា​មួយ​លោក​គ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​តំណាង​សហគមន៍​និង​មាតាបិតា​សិស្ស ។

alt

ក្នុង​ពិធី​សំណេះសំណាល ឯកឧត្ដម​រដ្ឋមន្ត្រីបាន​សំដែង​នូវ​មនោសញ្ចេតនា​នឹក​រលឹក និង​អរគុណ​ចំពោះ​លោក​គ្រូ-អ្នកគ្រូ​អាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី និង​មន្ត្រី​អប់រំ យុវជន និង​កីឡា​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្ត​កំពង់ឆ្នាំងដែល​កំពុង​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​វិស័យ​អប់រំ​តាម​រយៈ​ការ​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​បង្ហាត់​បង្រៀន ការ​ប្រមូល​កុមារ​ដល់​អាយុ​សិក្សា​ឲ្យ​រៀន​គ្រប់​ៗ​គ្នា​សំដៅ​ឈាន​ទៅ​សម្រេច​គោល​ដៅ​នៃ​ការអប់រំ​សម្រាប់​ទាំង​អស់​គ្នា​សកល​កម្ម​អប់រំ​ ពិសេស​បឋមសិក្សា​ឆ្នាំ​២០១៥។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​សាលា​ចំណេះ​ទូទៅ​ចំនួន ៨.៤៧១សាលា ក្នុង​នោះ​សាលារៀន​បណ្ដែត​ទឹក​មាន​ចំនួន ៤២សាលា ​នៅ​ខេត្ត​ចំនួន ៤ ដែល​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប រួម​មាន៖ ខេត្ត​កំពង់ឆ្នាំង កំពង់ធំ សៀមរាប និង​បាត់ដំបង។ ដោយ​ឡែក​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​សាលារៀន​បណ្ដែត​ទឹក​ចំនួន ១១ សាលា ក្នុង​នោះ​សាលារៀន​បឋម​សិក្សា​បណ្ដែត​ទឹក​មាន​ចំនួន ៨ សាលា ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន ២ គឺ​ស្រុក​បរិបូណ៌ និង​ស្រុក​កំពង់លែង ដែល​មាន​គ្រូ​បង្រៀន​ចំនួន ៣៣នាក់ ស្រី ៣នាក់ និង​មាន​សិស្ស​សរុប​ចំនួន ១,៦១៥នាក់ ស្រី ៧៩០នាក់ និង​អនុវិទ្យាល័យ​បណ្ដែត​ទឹក​មាន​ចំនួន ៣ ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន ២ គឺ​ស្រុក​បរិបូណ៌ និង​ស្រុក​ជលគីរី ដែល​មាន​គ្រូ​បង្រៀន​ចំនួន ១៧នាក់ ស្រី ២នាក់ និង​សិស្ស​មាន​ចំនួន ៧៣៩នាក់ ស្រី ៤១១នាក់។

alt

 

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា កម្មវិធី​កែ​លម្អ​សាលារៀន​គឺ​ជា​ចំណុច​អាទិភាព​មួយ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​កំពង់​យក​ចិត្ត​ទុក​ដាក់​សំដៅ​លើក​កម្ពស់​គុណភាព​អប់រំ​ក្នុង​ការ​បង្រៀន និង​រៀន​នៅ​គ្រប់​កម្រិត​សិក្សា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ។ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​ដល់​លោកគ្រូ-អ្នកគ្រូ និង​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ចូលរួម​អប់រំ​ដល់​កុមារ​ឲ្យ​មាន​ចំណេះដឹង បំណិន និង​សីលធម៌​ខ្ពស់​ស្រប​តាម​ចតុស្តម្ភ​ទាំង ៤ នៃ​គោលការណ៍​អប់រំ គឺ​រៀន​ដើម្បី​មាន​ចំណេះដឹង រៀន​ដើម្បី​មាន​ចំណេះ​ធ្វើ រៀន​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​រៀន​ដើម្បី​ចេះ​រួមរស់​នៅ​ជាមួយ​គ្នា និង​សូម​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ត្រងត្រាប់​ស្ដាប់​លោកគ្រូ-អ្នកគ្រូ​ពន្យល់​មេរៀន​នៅ​ក្នុង​ថ្នាក់ ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​មាន​ចំណេះដឹង។