free counters

កម្មវិធី​អាហារូបករណ៍

សេចក្តីប្រកាសព័ត៌មាន

តបតាម​ការ​អញ្ជើញ​របស់​ក្រសួងអប់រំ យុវជន និងកីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Masaharu NAKAGAWA រដ្ឋមន្រ្តី​ក្រសួងអប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៃ​ប្រទេស​ជប៉ុន ​បាន​ដឹកនាំ​គណៈប្រតិភូ មក​ទស្សនៈកិច្ច​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​បី​ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២  ខែ មករា  ឆ្នាំ ២០១២។​​​


គណៈប្រតិភូ​បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម  អ៊ឹម សិទ្ធី​​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​វេលា ម៉ោង ៣ រសៀល នាថ្ងៃទី ១១ ខែ មករា  ឆ្នាំ ២០១២ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ការងារ ដែល​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និត និង​ជាមិត្តភាព​ សាមគ្គីភាព​ និង​ការយោគយល់​គ្នា​ទៅវិញ​ទៅមក លើ​វិស័យអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា រវាង​ប្រទេសជាតិ​ទាំងពីរ កម្ពុជា-ជប៉ុន ឲ្យ​កាន់​តែ​មាន​ការរីកចម្រើន​ឡើង​ថែមទៀត ។


ក្នុង​ការស្នាក់​នៅ​ប្រទេស​កម្ពុជា  ឯកឧត្តម Masaharu NAKAGAWA រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ នៃ​ប្រទេស​ជប៉ុន និង​គណៈប្រតិភូ​ បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត  ប្រាសាទបាយ័ន និង​ទស្សនា​គ្រឹះស្ថានសិក្សា​ និង​រមណីយដ្ឋាន មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ សំដៅ​លើក​កំពស់​តួនាទី​វិស័យ អប់រំ-វប្បធ៌ម ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។


ឯកឧត្តម អ៊ឹម សិទ្ធី​​ រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និង​កីឡា​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ ឯកឧត្តម​ Masaharu NAKAGAWA រដ្ឋមន្រ្តី​ក្រសួងអប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា និង​គណៈប្រតិភូ​ ដែល​បាន​បន្ត​យក​ចិត្ត​ទុកដាក់ និង​ជួយគាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​សម្រេច​បាន​ផែនការ​អភិវឌ្ឍន៍​ជាតិ ​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា និង​គោលដៅ អភិវឌ្ឍន៍​សហស្សវត្ស​នា​ពេល​ខាង​មុខ ។
                                                                      
ធ្វើ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២

 

តំណ ៖ សុន្ទរកថា​ស្វាគមន៍​របស់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា