|
១. វត្ថុបំណង
វត្ថុបំណងនៃកម្មវិធីនេះគឺ ពង្រីកសេវាអប់រំកុមារតូចតាមគ្រប់រូបភាពសម្រាប់កុមារអាយុពី ០ ទៅក្រោម ៦ឆ្នាំ ពិសេសកុមារក្រីក្រ កុមារជនជាតិ និងកុមារពិការ និងផ្តល់អាទិភាពដល់សេវា មត្តេយ្យសិក្សាសហគមន៍ និងកម្មវិធីអប់រំកុមារតូចតាមផ្ទះ។ វត្ថុបំណងមួយទៀតគឺផ្តល់ឱ្យមានការ ប្រែប្រួលលើផ្នែកគុណភាពក្នុងការទទួលបាននូវសេវាអប់រំប្រកបដោយសមធម៌ ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ពង្រីកកម្មវិធីអប់រំកុមារតូចសម្រាប់កុមារអាយុពី ០៣ ទៅក្រោម ៦ ឆ្នាំ ដោយផ្តោតមុខសញ្ញាទៅលើឃុំដែលមានអត្រាចូលរៀនថ្មីទាប និងមានអត្រាត្រួតថ្នាក់ខ្ពស់នៅបឋមសិក្សា។
សកម្មភាពគោលនយោបាយៈ
- សេចក្តីណែនាំស្តីពី ការបង្កើតមត្តេយ្យសិក្សាសហគមន៍តាមរយៈការលើកទឹកចិត្តឱ្យមានការ ប្រើប្រាស់ថវិកាសម្រាប់សេវាអប់រំកុមារតូចដោយសហការជាមួយក្រសួងមហាផ្ទៃ រៀបចំបាននៅឆ្នាំ ២០១០។
- ផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍកុមារតូចកសាងបាននៅឆ្នាំ២០១១។
- ផែនការសកម្មភាពពង្រីកថ្នាក់មត្តេយ្យសិក្សាសហគមន៍ និងការអប់រំកុមារតូចតាមផ្ទះ និងក្រុម ខ្នងផ្ទះ កសាងបាននៅឆ្នាំ ២០១១។
- ផែនការសកម្មភាពសម្រាប់បង្កើនថ្នាក់មត្តេយ្យសិក្សានៅក្នុងសាលាបឋមសិក្សាកសាងបាននៅឆ្នាំ២០១១។
- សេចក្តីណែនាំស្តីពី ការគ្រប់គ្រងមត្តេយ្យសិក្សាឯកជន រៀបចំបានឆ្នាំ ២០១១។
- ដំណើការនៃវិមជ្ឈការក្នុងការកែលម្អសេវាកម្មនិងគោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចបានសិក្សានៅឆ្នាំ២០១១។
- កម្មវិធីអប់រំបញ្ចូលគ្នានិងអប់រំពីរភាសានៅសាលាមត្តេយ្យសិក្សា សាកល្បងអនុវត្តនៅឆ្នាំ ២០១២ ។
* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ។
សកម្មភាពគោលនយោបាយ៖
- យុទ្ធនាការផ្សព្វផ្សាយការចុះនិងស្រង់ឈ្មោះកុមារឲ្យទទួលសេវាអប់រំកុមារតូចចាប់អនុវត្តពីឆ្នាំ ២០១១។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
សកម្មភាពគោលនយោបាយ៖
- សេចក្តីណែនាំស្តីពីការគ្រប់គ្រងកម្មវិធីអប់រំកុមារតូចឱ្យមានគុណភាពនិងប្រសិទ្ធភាពរៀបចំបាននៅឆ្នាំ២០១០។
- កម្មវិធីសិក្សាសម្រាប់កុមារអាយុ ៣ និង ៤ ឆ្នាំ ផ្អែកលើស្តង់ដាសិក្សា កែលម្អរួចរាល់នៅឆ្នាំ ២០១១ ។
- គោលការណ៍ស្តីពី ការលើកទឹកចិត្តដល់គ្រូមត្តេយ្យសិក្សារដ្ឋ គ្រូមត្តេយ្យសិក្សាសហគមន៍បណ្តាញក្រុមការងារអប់រំកុមារតូចតាមផ្ទះនិងក្រុមខ្នងផ្ទះដែលមានស្នាដៃល្អរៀបចំបាននៅឆ្នាំ ២០១២ ។
គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
* ពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងអប់រំ អំពីការងារគ្រប់គ្រង និងភាពជាអ្នកដឹកនាំនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។
សកម្មភាពគោលនយោបាយៈ
- ផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់និងគ្រប់កម្មវិធី ដោយឆ្លើយគ្នាទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំបាននៅឆ្នាំ ២០១២។
៣. សូចនាករ និងចំណុចដៅ
- ការចូលរៀនរបស់កុមារតូចអាយុ ៥ ឆ្នាំតាមគ្រប់រូបភាពកើនឡើងពី ៣៩.៨% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៦០% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
- ការចូលរៀនរបស់កុមារតូចអាយុពី ៣ ទៅ ៤ ឆ្នាំ តាមគ្រប់រូបភាពកើនឡើងពី ១៥% នៅឆ្នាំ ២០០៩-២០១០ ទៅ ៣០% នៅឆ្នាំ ២០១៣-២០១៤ ។
- ៧០% នៃគ្រូមត្តេយ្យសិក្សាបានទទួលនិងបញ្ចប់ការបណ្តុះបណ្តាល ដោយមានគុណភាពអំពី ការអភិវឌ្ឍកុមារតូចពេញលេញ នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
៤. កម្មវិធី និងសកម្មភាពចម្បង
៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ពង្រីក និងជំរុញការចូលរៀនចំពោះកុមារអាយុពី ៣ ទៅក្រោម ៦ ឆ្នាំ ពិសេស កុមារអាយុ ៥ ឆ្នាំ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរៀនថ្នាក់ទី ១ ប្រកបដោយគុណភាពនិងប្រសិទ្ធភាពដោយផ្តោតលើការបំប៉នគ្រូមត្តេយ្យសិក្សា និងរៀបចំកម្មវិធីសិក្សាផ្អែកលើស្តង់ដាសិក្សាផ្នែកអប់រំកុមារតូច។
- ផ្តល់ថវិកាសម្រាប់ដំណើរការសាលាថ្នាក់កុមារមត្តេយ្យសិក្សាមិនគ្រប់កម្រិត និងកុមារអាយុ ៣ និង ៤ ឆ្នាំ ដើម្បីរក្សានិរន្តភាព។
- ពង្រីកកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចតាមសហគមន៍ដើម្បីអន្តរាគមន៍ទាំងស្រុងដល់ការអប់រំ កុមារតូច ជាពិសេសនៅក្នុងមជ្ឈដ្ឋានដែលមានការលំបាកតាមរយៈមាតាបិតា អាណាព្យាបាល កុមារ និងអ្នកគ្រប់គ្រងនិងថែទាំកុមារ ។
- ផ្តល់ថវិកាប្រតិបត្តិការសម្រាប់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ការកសាង ផែនការ ការគ្រប់គ្រងនិងសកម្មភាពពិនិត្យតាមដាន ដោយបង្កើតបញ្ជីឫតារាងពិនិត្យតាមដាន ដើម្បីធានាគុណភាពផ្នែកអប់រំកុមារតូច។
- ជំរុញឲ្យមានថវិកាលើកកម្ពស់សមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់ និងគ្រូបឋមដែលបង្រៀនថ្នាក់មតេ្តយ្យសិក្សា ។
៤.២ កម្មវិធីមូលធន
ការវិនិយោគ ៖
- ផ្តល់សម្ភារៈរូបវ័ន្តបានគ្រប់គ្រាន់សមស្របតាមវ័យ និងតម្រូវការរបស់កុមារ ជាពិសេសកុមារ ពិការនៅសាលាមត្តេយ្យសិក្សារដ្ឋ និងមត្តេយ្យសិក្សាសហគមន៍ ដោយមានការសហការពី អាជ្ញាធរដែនដី សប្បុរសជន ឬដៃគូអភិវឌ្ឍនានា ។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
- បំប៉នសមត្ថភាពមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់លើការងាររដ្ឋបាល ការងារបច្ចេកទេស របៀបទាក់ទងនិងកិច្ចសហការជាមួយថ្នាក់ក្រោមជាតិ និងបណ្តាញក្រុមការងារអប់រំកុមារតូចនៅតាមសហគមន៍។
- គាំទ្រមន្ត្រីទទួលបន្ទុកការងារអប់រំកុមារតូចនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ លើការបង្កើន គុណភាពតាមផ្នែក ឬតាមតំបន់នីមួយៗដែលពាក់ព័ន្ធ ។
៥. ការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធី
នាយកដ្ឋានអប់រំកុមារតូចទទួលខុសត្រូវលើការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យឡើងវិញលើការរៀបចំទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ព្រមទាំងការសម្របសម្រួលផងដែរជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត រួមមានគណៈកម្មាធិការជាតិ និងលេខាធិការដ្ឋានអប់រំសម្រាប់ទាំងអស់គ្នា និងគណៈកម្មាធិការជាតិ និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសគាំពារ និងអភិវឌ្ឍកុមារតូច។ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល ដើម្បីពង្រឹងគំនិតផ្តួចផ្តើមអំពីការចិញ្ចឹមបីបាច់ និងអប់រំកុមារតូច តាមរយៈកម្មវិធីអប់រំកុមារតូចតាមផ្ទះ កម្មវិធីអប់រំឪពុកម្តាយ និងសហការជាមួយ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីធ្វើវិមជ្ឈការ លើការពង្រីកថ្នាក់មត្តេយ្យសិក្សាសហគមន៏នៅក្នុងវិស័យអប់រំ ។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
| សកម្មភាព |
2009 |
2010 |
2011 |
2012 |
2013 |
| ១. កម្មវិធីចរន្ត |
45,038.1 |
43,775.4 |
44,330.9 |
54,269.5 |
60,456.2 |
| - មត្តេយ្យសិក្សាសម្រាប់កុមារ អាយុ ៣ទៅ ៥ឆ្នាំ |
22,641.1 |
23,139.3 |
23,259.6 |
24,499.7 |
24,499.7 |
| - ការអប់រំកុមារតូចផ្អែកលើសហគមន៍និងតាមខ្នងផ្ទះ |
18,128.2 |
17,666.2 |
16,944.7 |
18,411.4 |
18,411.4 |
| - ពង្រឹងការគាំទ្រ និងការពិនិត្យ តាមដានកម្មវិធី |
4,268.8 |
2,969.9 |
4,126.6 |
11,358.4 |
17,545.1 |
| ២. កម្មវិធីមូលធន |
4,268.8 |
2,969.9 |
4,126.6 |
11,358.4 |
17,545.1 |
| ការវិនិយោគ |
11.8 |
12.0 |
12.0 |
16.0 |
18.0 |
| កិច្ចសហប្រតិបត្តិការបច្ចេកទេស |
4,257.0 |
2,957.9 |
4,114.6 |
11,342.4 |
17,527.1 |
| ធនធានសរុប |
49,306.9 |
46,745.3 |
48,457.5 |
65,627.9 |
78,001.3 |
|