free counters
ការអភិវឌ្ឍយុវជន

 

១. វត្ថុបំណង

យុវជន​កម្ពុជា​ទាំង​ពីរ​ភេទ​ស្គាល់​អត្តសញ្ញាណ​ខ្លួន និង​ជាតិ​និង​សារៈ​សំខាន់​នៃ​ចំណេះដឹង​ដោយ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​លើ​គ្រប់​ផ្នែក​ប្រកប​ដោយ​គតិ​បណ្ឌិត​ស្មារតី​ទទួលខុសត្រូវមានសីលធម៌ល្អចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​មាន​បំណិន​វិជ្ជាជីវៈ​មាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​មាន​ឥរិយាបថ​វិជ្ជ​មានមាន​ភាព​ជា​គំរូ​ចំពោះ​ការងារ​ និងសង្គម មានការយល់ដឹងជ្រៅជ្រះអំពី ការ​វិវត្ត និង​ប្រព័ន្ធ​គ្រប់គ្រង​ច្បាប់​ទម្លាប់​របស់​សង្គម​ហើយ​ចូលរួម​ដោយ​ស្មើ​ភាព​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ​។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានា​លទ្ធភាព​ទទួល​បាន​សេវា​អប់រំ​ប្រកប​ដោយ​សមធម៌

  • ពង្រីកការទទួលបានសេវាពីកម្មវិធីអភិវឌ្ឍយុវជន ដល់យុវជនបាត់បង់ឱកាស។
  • គោលនយោបាយជាតិយុវជនកម្ពុជា រៀបចំបាននៅឆ្នាំ ២០១០។
  • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន រៀបចំបាននៅឆ្នាំ ២០១១។
  • ផែនការពង្រីកមជ្ឈមណ្ឌលយុវជននៅតាមរាជធានី ខេត្ត កសាងបាននៅឆ្នាំ ២០១២។
  • គោលការណ៍ស្តីពី ការបង្កើតមូលនិធិអប់រំសមធម៌ជាតិ សម្រាប់យុវជនក្រីក្របំផុត (កម្មវិធី អាហារូបត្ថម្ភ និងអន្តេវាសិកដ្ឋាន)​ រៀបចំបាននៅឆ្នាំ ២០១៣។

គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ

  • បង្កើនគុណភាពនិងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍយុវជន តម្រង់ទៅរកការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
  • ឯកសារគាំទ្រស្តីពី ការអនុវត្តក្រុមប្រឹក្សាយុវជន រៀបចំបាននៅឆ្នាំ ២០១១។
  • ស្តង់ដាសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅតាមមជ្ឈមណ្ឌលយុវជន កសាងបាន នៅឆ្នាំ ២០១២។
  • គោលនយោបាយទី៣ ៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
  • ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់កម្មវិធីអភិវឌ្ឍយុវជន​ ដើម្បីដោះស្រាយតម្រូវការរបស់យុវជន ក្នុងតំបន់។
  • លិខិតបទដ្ឋានក្នុងការបង្កើត ព្រឹត្តិបត្តិយុវជននិងកុមារ រៀបចំបាននៅឆ្នាំ​២០១១។

៣. សូចនាករ និងចំណុចដៅ

  • ចំនួនក្រុមប្រឹក្សាយុវជន ៩២% នៃសាលាមធ្យមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • ចំនួនក្រុមប្រឹក្សាកុមារ ៧៨% នៃសាលាបឋមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • យុវជនបានយល់ដឹងអំពីមេរោគនិងជំងឺអេដស៍កើនពីចំនួន ៥៨០០ នាក់នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅដល់ ៩០០០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • ចំនួនសិក្ខាកាមឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកើនពី ៨៥០ នាក់ដល់ ៣៥៦០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • ចំនួនយុវជនស្ម័គ្រចិត្ត ៤៨០០ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។

៤. សកម្មភាព និងកម្មវិធីចម្បងៗ

៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
  • ថវិកាដំណើរកម្មវិធីអភិវឌ្ឍយុវជន
  • សិក្ខាសាលាផ្សព្វផ្សាយអំពីការយល់ដឹងជំងឺអេដស៍
  • ការពង្រឹងក្រុមប្រឹក្សាយុវជន និងកុមារ
  • ការអប់រំយុវជន និងកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ
  • ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈទស្សនៈកិច្ចសិក្សាបោះជំរំក្នុងប្រទេស និងការប្រជុំ ផ្សេងៗ
  • ផ្តល់ការបណ្តុះបណ្តាលអំពីការងារស្ម័គ្រចិត្ត និងជំនាញវិជ្ជាជីវៈខ្លីៗដល់យុវជន
  • ការគាំទ្រអង្គភាព និង អភិវឌ្ឍ មជ្ឈមណ្ឌលយុវជន
  • សិក្ខាសាលាផ្សព្វផ្សាយ
  • ការគាំទ្រដំណើរការ
  • ការពង្រឹងសមត្ថភាព
  • វគ្គបំប៉នសមត្ថភាពស្តីពីការងារដឹកនាំគ្រប់គ្រង ដល់មន្ត្រីគ្រប់គ្រងយុវជន
  • ពិនិត្យតាមដាន និងវាយតម្លៃ
  • ការពិនិត្យតាមដាន និងវាយតម្លៃលើកម្មវិធីអភិវឌ្ឍយុវជន
៤.២ កម្មវិធីមូលធន

ការវិនិយោគ៖

  • សាងសង់ និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៩
  • ជួសជុល និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៤

កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖

  • រៀបចំគោលនយោបាយយុវជនជាតិកម្ពុជា
  • វគ្គបំប៉នសមត្ថភាពស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដល់មន្ត្រីគ្រប់គ្រងយុវជន។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

កម្មវិធី​យុវជន​ត្រូវ​គ្រប់គ្រង និង​ពិនិត្យ​តាម​ដាន​តាមរយៈ​អគ្គ​នាយក​ដ្ឋាន​យុវជន​ដែល​បាន​បង្កើត​ក្នុង​អគ្គ​នាយក​ដ្ឋាន​យុវជន​ដែល​មាន​នាយកដ្ឋាន​យុវជន និង​នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​យុវជន​។ ការងារ​នេះ​នឹង​មាន​​ការ​សម្រប​​សម្រួល​​​យ៉ាង​ជិត​ស្និទ្ធ​រវាង​នាយកដ្ឋាន​ទាំងពីរ និង​នាយកដ្ឋាន​ដទៃ​ទៀត​ ដើម្បី​ធានា​ឱ្យ​ការ​ធ្វើ​សមាហរណកម្ម​​យុទ្ធសាស្ត្រ និង​កម្មវិធី​មាន​ប្រសិទ្ធ​ភាព​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​អាណត្តិ​របស់​ក្រសួង​។​ ការ​ពិនិត្យ​​តាម​ដាន​​​កម្មវិធី នឹង​រួម​បញ្ចូល​ទាំង​សហ​ប្រតិបត្តិការ​ជា​មួយ ស្ថាប័ន​យុវជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​នឹង​ប្រើ​ប្រាស់​លទ្ធផល​​អង្កេត​​ពី​មាតា​បិតា យុវជន​ និង​សហគមន៍ និង​ធ្វើ​ការ​វិភាគ​លើ​ផល​ប៉ះពាល់​​នៃ​ការអភិវឌ្ឍ​សង្គម​ទៅលើយុវជន។ អាទិភាពចម្បងមួយគឺ ការ​អភិវឌ្ឍ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន ​រួម​មាន​​​ចំណុច​ដៅ​ប្រព័ន្ធ​ផ្សេង​ៗ និង​ការ​ទទួល​ខុស​ត្រូវ​ ។